(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរចិត្តវិញភ្លាមៗ ជាមួយការបញ្ជាក់ជាថ្មីថា បើសិនជាក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកដទៃ មិនអាចទិញបណ្ដាញទំនាក់ទំនងសង្គម TikTok ពីក្រុមហ៊ុន ByteDance របស់ចិននៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះទេ នោះបណ្ដាញទំនាក់ទំនង សង្គមដ៏មានប្រជាប្រិយភាពមួយនេះ នឹងត្រូវបិទមិនឱ្យធ្វើប្រតិបត្តិការតទៅទៀត នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការអះអាងបែបនេះ នៅក្នុងសន្និសិទសារព័ត៌មានមួយ នៅឯសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងយ៉ាងខ្លីដូច្នេះថា «ខ្ញុំបានកំណត់យកថ្ងៃទី១៥ ខែកញ្ញា ជាថ្ងៃដែល TikTok ត្រូវបិទមិនឱ្យធ្វើប្រតិបត្តិការតទៅទៀតនៅសហរដ្ឋអាមេរិក ក្នុងករណីដែលក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកដទៃ មិនអាចសម្រេចបានកិច្ចព្រមព្រៀង ឬទិញបណ្ដាញទំនាក់ ទំនងសង្គមមួយនេះបានទេនោះ»។
គួរបញ្ជាក់ថា កាលពីមុននេះមួយថ្ងៃ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចេញបទបញ្ជាប្រតិបត្តិមួយដើម្បីបិទ TikTok ដោយសារបារម្ភពីបញ្ហាសន្តិសុខជាតិ ហើយថែមទាំងសង្កត់ធ្ងន់ដែរថា លោកក៏មិនចង់ឱ្យក្រុមហ៊ុនអាមេរិកណាមួយទិញយក TikTok ដែរ។ ប៉ុន្តែ ក្រោយជួបពិភាក្សាជាមួយ CEO ក្រុមហ៊ុន Microsoft លោក សត្យា ណាឌែលឡា (Satya Nadella) លោក ត្រាំ បានកែប្រែចិត្តដោយទុកពេល ៤៥ថ្ងៃ ឱ្យក្រុមហ៊ុន ByteDance ពិចារណាលក់ TikTok ឱ្យក្រុមហ៊ុន Microsoft៕