(ប៉េកាំង)៖ ភ្លៀងធ្លាក់យ៉ាងសន្ធប់ និងខ្យល់បោកបក់ខ្លាំង បានកើតមានឡើងនៅក្នុងខេត្ត ជីជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ដោយវាត្រូវបានបង្កឡើងដោយព្យុះទីហ្វុង ហាហ្គូភីត (Hagupit) ដែលបានមកដល់តំបន់នេះកាលពីវេលាម៉ោង ៣៖៣០នាទីទាបភ្លឺថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។
ព្យុះទីហ្វុង Hagupit ត្រូវបានអាជ្ញាធរឧតុនិយមចិនព្យាករណ៍ថា មានល្បឿនរហូតដល់ទៅជិត ១៣៧គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើការបោកបក់យ៉ាងសង្គ្រប់លើទីក្រុង យឺឈីង (Yueqing) ហើយក្រោយមកនៅវេលាម៉ោង ៦៖០០នាទីព្រឹកថ្ងៃអង្គារនេះ អាជ្ញាធរបានបង្កើនកម្រិតអាសន្នដល់ពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់ បន្ទាប់កម្រិតពណ៌ក្រហមដែលខ្ពស់បំផុត។
គួរបញ្ជាក់ថា មិនទាន់មានរបាយការណ៍ ដែលបង្ហាញអំពីការខូចខាត ឬមនុស្សរងគ្រោះថ្នាក់នោះទេ។ ព្យុះទីហ្វុងខាងលើត្រូវបានគេរំពឹងថា នឹងថមថយឥទ្ធពិលទៅវិញ នៅថ្ងៃពុធស្អែកនេះ នៅពេលវាធ្វើដំណើរទៅដល់ តំបន់ឆ្នេរភាគខាងលិចឧបទ្វីបកូរ៉េ។ ព្យុះទីហ្វុង Hagupit គឺជាគ្រោះធម្មជាតិថ្មីមួយទៀតនៅចិន បន្ថែមពីលើគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តតាមដងទន្លេយ៉ាងសេ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៤០នាក់កាលពីខែមិថុនា និងកក្កដាកន្លងទៅថ្មីៗនេះ៕