(ម៉ានីល)៖ នៅថ្ងៃអាទិត្យនេះ ប្រទេសហ្វីលីពីនបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥,០៣២នាក់បន្ថែមទៀត បន្ទាប់ពីក្នុងរបាយការណ៍ថ្ងៃសៅរ៍ម្សិលមិញ បានរកឃើញជិត ៥ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០។
អត្រាអ្នកឆ្លង COVID-19 ដែលត្រូវបានរកឃើញប្រចាំថ្ងៃ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ គឺកាន់តែខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ហ្វីលីពីន។ បូកជាមួយករណីឆ្លងជាង៥ពាន់នាក់ថ្មីនេះ ហ្វីលីពីនឥឡូវមានអ្នកឆ្លងលើសពី១សែននាក់ហើយគឺ ១០៣,១៨៥នាក់។ ក្នុងរបាយការណ៍ដដែលរបស់ក្រសួងសុខាភិបាលហ្វីលីពីន អ្នកជំងឺ COVID-19 ២០នាក់ទៀត ក៏ទើបតែបានស្លាប់ផងដែរ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបកើនដល់ ២,០៥៩នាក់។ រីឯអ្នកជាសះស្បើយមាន ៦៥,៥៥៧នាក់។
គួរជម្រាបថា នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងត្រូវបើកកិច្ចប្រជុំជាមួយក្រុមមន្រ្តីរបស់លោក ដើម្បីជជែកពិភាក្សាលើសេចក្តីអំពាវនាវឲ្យពិចារណា ដាក់រដ្ឋធានីម៉ានីល ដែលរាប់រងមួយចំណែកធំនៃចំនួនករណីឆ្លងសរុបនោះ ទៅក្នុងការរឹតត្បិតតឹងរ៉ឹងសាជាថ្មី៕