(កង់បេរ៉ា)៖ ការប្រកាសភាពអាសន្នត្រូវបានធ្វើឡើងនៅរដ្ឋ Victoria របស់ប្រទេសអូស្រ្តាលីនាថ្ងៃអាទិត្យនេះ ហើយបម្រាមគោចរសម្រាប់ពេលយប់ ក៏ត្រូវបានដាក់ចេញផងដែរ ដើម្បីសំដៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលបានផ្ទុះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០។
អភិបាលរដ្ឋ Victoria លោក Daniel Andrews បានប្រាប់ថា ទីក្រុង Melbourne ដែលជារដ្ឋធានីរបស់ Victoria នឹងត្រូវស្ថិតក្រោមវិធានការរឹតត្បិតដំណាក់កាលទី៤ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ដោយសារតែស្ថានភាពនៃការឆ្លង COVID-19 ក្នុងសហគមន៍នៅទីនោះ ត្រូវបានចាត់ទុកថា មានកម្រិតខ្ពស់ខ្លាំងមិនអាចទទួលយកបាន។
ចាប់ពីយប់ថ្ងៃអាទិត្យនេះទៅ អ្នករស់នៅក្នុងទីក្រុង Melbourne នឹងត្រូវស្ថិតក្រោមការអនុវត្តបម្រាមគោចរពីម៉ោង៨យប់ ដល់៥ទាបភ្លឺ សម្រាប់រយៈពេល៦សប្តាហ៍ ហើយពួកគេមិនអាចធ្វើដំណើរទៅណាឆ្ងាយជាង៥គីឡូម៉ែត្រ ពីលំនៅឋានបានឡើយ និងត្រូវបានអនុញ្ញាតឲ្យចេញក្រៅហាត់ប្រាណ តែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
រីឯសិស្ស-និស្សិតភាគច្រើននៅ Melbourne នឹងត្រូវត្រឡប់ទៅសិក្សាតាមអនឡាញពីចម្ងាយសាជាថ្មី ចាប់ពីពាក់កណ្តាលយប់ថ្ងៃពុធសប្តាហ៍ខាងមុខនេះ ក្រោយពួកគេទើបតែបានចូលថ្នាក់រៀនវិញ កាលពីប៉ុន្មានសប្តាហ៍មុនប៉ុណ្ណោះ។ ចំណែកសាលាមត្តេយ្យ និងមជ្ឈមណ្ឌលថែទាំកុមារតូចៗ នឹងត្រូវបិទទ្វារតែម្តង ចាប់ពីថ្ងៃព្រហស្បតិ៍ ខណៈការរៀបចំពិធីអាពាហ៍ពិពាហ៍ ក៏នឹងត្រូវហាមឃាត់ផងដែរ។
លោក Andrews បានបន្តថា វិធានការរឹតត្បិតពាក់ព័ន្ធកន្លែងធ្វើការងារ នឹងត្រូវប្រកាសតាមក្រោយនៅថ្ងៃចន្ទស្អែក។ សម្រាប់តំបន់ដទៃនៃរដ្ឋ Victoria ក្រៅពីទីក្រុង Melbourne នឹងត្រូវស្ថិតក្រោមវិធានការរឹតត្បិតដំណាក់កាលទី៣ ចាប់ពីពាក់កណ្តាលយប់ថ្ងៃពុធសប្តាហ៍ក្រោយ ដោយការចាកចេញពីលំនៅឋាន នឹងត្រូវដាក់កំហិត ពោលគឺមានតែហេតុផលមួយចំនួនប៉ុណ្ណោះ ទើបអាចចេញក្រៅផ្ទះបាន។
គួរជម្រាបថា នៅថ្ងៃអាទិត្យនេះ រដ្ឋ Victoria ដែលមានមនុស្សរស់នៅច្រើនបំផុតទីពីររបស់អូស្រ្តាលី បានប្រកាសពីការរកឃើញអ្នកឆ្លង ៦៧១នាក់ថ្មី ហើយអ្នកជំងឺ៧នាក់ទៀតបានស្លាប់។ សម្រាប់រដ្ឋក៏ដូចជាដែនដីដទៃទៀតរបស់ប្រទេសអូស្រ្តាលី គឺមិនសូវមានករណីឆ្លងរាលដាលខ្លាំងក្លាប៉ុន្មានដូច Victoria ឡើយ បន្ទាប់ពីវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយ ប៉ុន្តែពួកគេបានហាមឃាត់អ្នកដំណើរដែលទៅពី Victoria។ សរុបជារួម អូស្រ្តាលីមានករណីឆ្លង COVID-19 កើនដល់ជិត១៨,០០០នាក់ ក្នុងនោះស្លាប់២០៨នាក់ និងជាសះស្បើយជាង ១ម៉ឺននាក់៕