(វ៉ាស៉ីនតោន)៖ យាន Crew Dragon ឈ្មោះ Endeavour របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ដែលផ្ទុកអវកាសយានិកពីររូបរបស់ ទីភ្នាក់ងារអវកាស NASA គឺលោក Robert Behnken និងលោក Douglas Hurley បានចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS វិញហើយ ក្រោយបញ្ចប់បេសកកម្មរយៈពេលពីរខែនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នាថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០។
NASA បានឲ្យដឹងថា យានអវកាស SpaceX បានចាកចេញពីស្ថានីយ ISS កាលពី០៧៖៣៥នាទីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ដើម្បីវិលត្រឡប់មកកាន់ផ្ទៃផែនដីវិញ។ NASA និង SpaceX បានកំណត់យកតំបន់ Pensacola នៅឯឈូងសមុទ្រម៉ិចស៉ីកូ ជាទីតាំងសម្រាប់ឲ្យយាន Crew Dragon ទម្លាក់ខ្លួនចុះមក។ បើតាមការរំពឹងទុកលោក Behnken និង លោក Hurley នឹងមកដល់នៅខ្ទង់រសៀលថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក)។
គួរជម្រាបថា អវកាសយានិកអាមេរិកទាំងពីររូប បានឡើងទៅដល់ស្ថានីយអវកាសអន្តរជាតិ តាមរយៈយាន Crew Dragon កាលពីថ្ងៃទី ៣១ ខែឧសភា កន្លងទៅ ក្រោយចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ដែលមានមូលដ្ឋាននៅរដ្ឋផ្លូរីដា៕