(តេហេរ៉ង់)៖ អាជ្ញាធរអ៉ឺរ៉ង់ នៅថ្ងៃសៅរ៍នេះ បានអះអាងថាខ្លួនចាប់បានមេដឹកនាំអង្គការភេវកម្មម្នាក់ មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក និងមានជាប់ពាក់ព័ន្ធនឹង ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីឆ្នាំ២០០៨ នៅទីក្រុង Shiraz ស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ជនឈ្មោះ Jamshid Sharmahd ដែលជាមេដឹកនាំចលនា Tondar កំពុងស្ថិតនៅក្រោមកណ្ដាប់ដៃកងកម្លាំងសន្តិសុខអ៉ីរ៉ង់។ ប៉ុន្តែមិនមាន ការបញ្ជាក់ឱ្យបានច្បាស់ថាតើលោក Sharmahd ត្រូវបានអ៉ីរ៉ង់ចាប់ខ្លួនដោយវិធី, នៅទីណា ឬតាំងពីពេលណាមកនោះទេ ខណៈបុរសរូបនេះត្រូវបានគេជឿជាក់ថាកំពុង ជ្រកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ លោក Sharmahd ត្រូវបានចោទប្រកាន់ថាជាអ្នករៀបចំការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៨ នៅឯចំណតវិហារមួយ ក្នុងទីក្រុង Shiraz ដោយផ្ដាច់ជីវិតមនុស្ស១៤នាក់ និង២១៥នាក់រងរបួស។ ជុំវិញការវាយប្រហារនេះដែរ អ៉ីរ៉ង់បានព្យួរកបុរស៣នាក់ រួចមកហើយកាលពីឆ្នាំ២០០៩ និងចោទថាអ្នកទាំងនេះធ្វើតាមបង្គាប់បញ្ជារបស់លោក Sharmahd ដែលទទួលបានការគាំទ្រពី CIA អាមេរិក៕