(ម៉ានីល)៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅហ្វីលីពីនសរុបពេលនេះ បានលោតដល់ ៩៨,២៣២ករណីហើយ ក្រោយពីអ្នកឆ្លងជំងឺនេះ ៤,៩៦៣នាក់ទៀតត្រូវបានរកឃើញ តែក្នុងពេលមួយថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលហ្វីលីពីនបានអះអាងថា ករណីឆ្លងទាំងជិត ៥,០០០នាក់ក្នុងមួយថ្ងៃបែបនេះ គឺជាតួលេខខ្ពស់បំផុត ដែលប្រទេសអាស៊ានមួយនេះ មិនធ្លាប់ជួបប្រទះនោះឡើយ គិតចាប់តាំងពីការផ្ទុះជំងឺ COVID-19 ដំបូង។ ដោយឡែកចំនួនអ្នកស្លាប់វិញ ត្រូវបានរាយការណ៍ចំនួន ១៩នាក់ទៀតនៅថ្ងៃដដែល ដែលនាំឲ្យចំនួនសរុបកើនដល់ ២,០៣៩នាក់។
គួរបញ្ជាក់ថា រដ្ឋធានីម៉ានីល និងតំបន់ជុំវិញ គឺជាចំណុចរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារវីរុសកូរ៉ូណា ខណៈខេត្តខាវីត (Cavite), សេប៊ូ (Cebu), ឡាហ្គូណា (Laguna) និង រីហ្សាល់ (Rizal) ជាដើម គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាបន្តបន្ទាប់។ អាជ្ញាធរហ្វីលីពីនបានអំពាវនាវឲ្យប្រជាជនទាំងអស់បង្កើនការអនុវត្តវិធានការការពារសុវត្ថិភាព ដើម្បីកុំឲ្យការឆ្លងកាន់តែខ្លាំងក្លាជាងនេះ៕