(ហ្សាការតា)៖ ចំនួនអ្នកឆ្លង COVID-19 ថ្មីៗនៅឥណ្ឌូណេស៊ី គឺតែងតែកើនឡើងរាប់ពាន់នាក់ជាប្រចាំថ្ងៃ ខណៈនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ អ្នកឆ្លងចំនួន ១,៥៦០នាក់ទៀតត្រូវបានរាយការណ៍ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ១០៩,៩៣៦ករណី និងកំពុងឈរនៅលំដាប់កំពូល ក្នុងចំណោមប្រទេសអាស៊ានទាំង ១០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងថ្ងៃដដែលនេះ មនុស្ស ៥៩នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី កើនឡើងដល់ ៥,១៩៣នាក់។ ដោយឡែកក្នុងចំណោមករណីឆ្លងទាំងជិត ១១ម៉ឺននាក់ខាងលើនេះ អ្នកជាសះស្បើយឡើងវិញមានចំនួនជិត ៦៨,០០០នាក់ ខណៈខេត្តទាំង ៣៤ របស់ឥណ្ឌូណេស៊ី សុទ្ធតែកើតមានករណីឆ្លង COVID-19។
គួរបញ្ជាក់ថា មិនទាន់មានការសន្និដ្ឋានណាមួយថា ឥណ្ឌូណេស៊ីនឹងឆ្លងផុ វិបត្តិនេះ នៅពេលណានោះឡើយ ប៉ុន្តែចំនួនករណីឆ្លងលើស ១សែនករណីពេលនេះ គឺបានផុតខ្ទង់ដែលក្រុមអ្នកជំនាញប្រទេសនេះ ធ្លាប់បានព្យាករណ៍បាត់ទៅហើយ ហើយប្រការនេះក៏មានន័យផងដែរថា COVID-19 កំពុងរាតត្បាតនៅឥណ្ឌូណេស៊ី ធ្ងន់ធ្ងរលើសពីការរំពឹងទុក៕