(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋផ្លរីដា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ខណៈដែលព្យុះហឺរិខិន អ៉ីសៃយ៉ាស (Hurricane Isaias) កំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរ របស់រដ្ឋភាគអាគ្នេយ៍មួយនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសោរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។
នៅក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីប្រចាំទីក្រុង ប៊ែលលែរ (Belleair) រដ្ឋផ្លរីដា លោក ត្រាំ បានបញ្ជាក់ពីផលប៉ះពាល់ ដែលអាចបង្កដោយព្យុះនេះ គឺពិតជានឹងធ្ងន់ធ្ងរខ្លាំងណាស់ ហើយវានឹងមកដល់ឆ្នេររបស់រដ្ឋផ្លរីដា ក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ ក៏បានអំពាវនាវឲ្យអ្នកទាំងឡាយណា ដែលរស់នៅតាមគន្លងរបស់ព្យុះនេះ ត្រូវធ្វើតាមការណែនាំរបស់មន្ត្រីមូលដ្ឋាន និងមន្ត្រីជាប់ពាក់ព័ន្ធ ឲ្យបានខ្ជាប់ខ្ជួនបំផុត។
ព្យុះ Hurricane Isaias ជាប្រភេទព្យុះកម្រិត ១ ហើយពេលនេះវាកំពុងតែវាយប្រហារ ទៅលើកោះបាហាម៉ាស់ (Bahamas)។ អាជ្ញាធរអាមេរិករំពឹងថា ព្យុះនេះនឹងទៅដល់ឆ្នេរនៃរដ្ឋផ្លរីដា មុនពេលដែលវាឆ្ពោះទៅកាន់ រដ្ឋនៅតាមបណ្តាឆ្នេរភាគខាងកើត នៃសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។ មជ្ឈមណ្ឌលជាតិតាមដានព្យុះសង្ឈរារបស់អាមេរិក កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះបានព្យាករណ៍ថា ខ្យល់ព្យុះនេះមានកម្លាំងខ្យល់រហូតដល់ ១៣០គីឡូម្រ៉ែតក្នុងមួយម៉ោង។
អភិបាលរដ្ឋផ្លរីដាលោក រ៉ូន ដឺសាន់ទីស (Ron DeSantis) បានប្រកាសពីភាពអាសន្ន នៅថ្ងៃសុក្រសប្តាហ៍នេះរួចមកហើយ សម្រាប់តំបន់មួយចំនួននៅក្នុងរដ្ឋ។ សើលពីនេះទៅទៀតលោក បានទទូចឲ្យប្រជាជនស្តុកទុកអាហារ និងថ្នាំសង្កូវឲ្យបានយ៉ាងតិច ០៧ថ្ងៃ។
គួរបញ្ជាក់ថា ផ្លរីដាជាស្រុកកំណើតរបស់លោក ត្រាំ ហើយរដ្ឋនេះទៀតសោតនឹងជា សមរភូមិដ៏សំខាន់មួយ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាខែវិច្ឆិកាខាងមុននេះ។ កាលពីការបោះឆ្នោតឆ្នាំ២០១៦ កន្លងទៅ លោក ត្រាំ បានឈ្នះនៅរដ្ឋផ្លរីដានេះ ដោយទទួលបានសំឡេងគាំទ្រលើសលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ត្រឹមតែ ១.២%ប៉ុណ្ណោះ។ ដោយឡែកតាមការស្ទង់មតិភាគច្រើនបានបង្ហាញថា លោក ចូ បៃដិន (Joe Biden) កំពុងនាំមុនលោក ត្រាំ នៅក្នុងរដ្ឋមួយនេះ៕