(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីការបាញ់តេស្ដមីស៊ីល ក្នុងសមយុទ្ធយោធាដ៏សម្បើមមួយ ដែលបានធ្វើឡើងនៅឯតំបន់ភាគខាងត្បូងនៃ ប្រទេសនៅក្នុងសប្ដាហ៍នេះ។ សមយុទ្ធយោធានេះត្រូវបានយោធាអ៉ីរ៉ង់ចាត់ទុកថា គឺជាការត្រៀមលក្ខណៈប្រឈមមុខ នឹងការឈ្លានពានណាមួយពីសំណាក់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
កងទ័ពអាកាស និងកងទ័ពជើងទឹក នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានចូលរួមនៅក្នុងសមយុទ្ធយោធានេះដែរ ហើយមិនតែប៉ុណ្ណោះ នៅក្នុងការធ្វើសមយុទ្ធយោធានោះ យោធាអ៉ីរ៉ង់ក៏បានបាញ់សាកល្បងមីស៊ីល បាលីស្ទីគជាច្រើនគ្រាប់ផងដែរ ចេញពីក្រោមដីនៅឯទីវាលដ៏ធំធេង នៃខេត្តហ័រមូសហ្គេន (Hormozgan)។ វីដេអូនៃការធ្វើតេស្ដមីស៊ីលនេះ ត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃពុធសប្ដាហ៍នេះ។
លោកឧត្ដមសេនីយ៍ អាលី ហាជីហ្សាដេហ៍ (Ali Hajizadeh) មេបញ្ជាការនៃកងទ័ពអាកាស នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានបញ្ជាក់ដែរថា ការធ្វើតេស្ដមីស៊ីលបាលីស្ទីគ ចេញពីក្រោមដីដ៏ជ្រៅកាលពីថ្ងៃពុធ គឺជាការធ្វើតេស្ដមីស៊ីលប្រភេទនេះ ជាលើកដំបូងបំផុតនៅក្នុងពិភពលោក។ លោកមេបញ្ជាការបានបន្ថែមថា មីស៊ីលនេះបានជ្រែកដី ហើយបានវាយប្រហារចំគោលដៅយ៉ាងល្អឥតខ្ចោះ។
ទោះជាយ៉ាងណា លោក Hajizadeh បានមិនបានបញ្ជាក់លម្អិតថា តើពាក្យ «ជ្រែកដី» មានន័យយ៉ាងដូចម្ដេចឡើយ ដោយគ្រាន់តែនិយាយថា មីស៊ីលដែលអ៉ីរ៉ង់ហៅថា «មីស៊ីលកប់ខ្មោច» នឹងក្លាយជាសុបិន្តដ៏អាក្រក់មួយ សម្រាប់សត្រូវរបស់អ៉ីរ៉ង់៕