(បាងកក)៖ មន្ត្រីប៉ូលីសជាន់ខ្ពស់នៃ អង្គភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស របស់ប្រទេសថៃ បានប្តេជ្ញាជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់ មន្ត្រីប៉ូលីសនៅនៅទូទាំងប្រទេស ដើម្បីឆ្លើយតបឲ្យបានកាន់តែល្អប្រសើរឡើង ខណៈដែលចំនួនបទល្មើសនៃការជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម នៅខាងក្រៅទីក្រុងបាងកក បានកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ឯក ចារ៉ាវ៉ាត់ វ៉ៃសាយ៉ា (Jaruvat Vaisaya) ប្រធានមន្ទីរប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ កងរាជអាវុធហត្ថថៃបាននិយាយថា ប្រទេសថៃមានកង្វះខាតមន្រ្តីនៅតាមមូលដ្ឋាន ដែលមានជំនាញក្នុងការស៊ើបអង្កេត ករណីជួញដូរមនុស្ស។ ឧត្តមសេនីយ៍ឯករូបនេះ បានគូសបញ្ជាក់ទៀតថា «យើងបានដឹងអំពីការកើនឡើងជាខ្លាំង នូវករណីជួញដូរមនុស្សតាមបណ្តាខេត្តឆ្ងាយៗ ដែលយើងមិនអាចបញ្ជូនមន្ត្រីជំនាញរបស់យើង ទៅឲ្យបានទាន់ពេលវេលា... មន្ត្រីបូលីសជាទូទៅ មិនដឹងពីរបៀបដោះស្រាយ ករណីជួញដូរមនុស្សទេ ដោយអ្នកខ្លះមិនអាចទាំង កំណត់អត្តសញ្ញាណជនរងគ្រោះទៀតផង»។
ដោយមើលពីភាពខ្វះខាតនេះ លោក Vaisaya បាននិយាយថា រដ្ឋាភិបាលថៃនៅសប្តាហ៍នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយ ស្តីអំពីជំនាញប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជូនមន្រ្តីប៉ូលីស និងមន្រ្តីរាជការចំនួន ១៥០នាក់មកពីទូទាំងប្រទេស ដើម្បីជួយបង្រៀនពួកគេ ក្នុងការកំណត់អត្តសញ្ញាណ និងជួយសង្រោះជនរងគ្រោះ។ ជាសរុបប្រទេសថៃមានមន្ត្រីជំនាញ ប្រឆាំងនឹងការជួញដូរមនុស្សចំនួន ១,៦៤០នាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានជាង ១០០នាក់ប្រចាំការនៅទីក្រុងបាងកក។
គួរជម្រាបថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរងការរិះគន់យ៉ាងខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពោះការបរាជ័យក្នុងការបញ្ឈប់ សកម្មភាពជួញដូរមនុស្សក្នុងវិស័យវាយនភ័ណ្ឌ និងនេសាទសមុទ្រ ក៏ដូចជាការជួញដូរផ្លូវភេទជាដើម។ ទោះជាយ៉ាងណា អាជ្ញាធរថៃបានអះអាងថា ខ្លួនបានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរចំនួន ១,៨០៧នាក់កាលពីឆ្នាំមុន ដោយក្នុងនោះ ៦០% ជាស្ត្រីដែលភាគច្រើនមកពីប្រទេសភូមា៕