(ហាណូយ)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ០៩នាក់ទៀត ដែលភាគច្រើនកើតឡើងនៅទីក្រុងដាណាង (Da Nang) ភាគកណ្តាលប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
មន្ត្រីសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីថ្មីៗខាងនេះ ០៨ករណី ត្រូវបានរកឃើញនៅទីក្រុងដាណាង និង១ករណីនៅរដ្ឋធានីហាណូយ។ រហូតមកទល់ពេលនេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន ៤៥៩ករណី ហើយមិនទាន់មានមនុស្សណាម្នាក់ ស្លាប់ដោយសារវីរុសនេះទេ ខណៈដែលរលកថ្មីនៃការចម្លងនេះ បានរីករាលដាលដល់ទីក្រុង និងខេត្តចំនួន ០៦ របស់ប្រទេសវៀតណាមក្នុងរយៈពេល ០៦ថ្ងៃបុណ្ណោះ។ ជាក់ស្តែងមនុស្សជាង ៨១,០០០នាក់ត្រូវបានអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ពោលគឺបានកើនឡើងពី ១២,០០០នាក់កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
លោក ង្វៀន ដុកជុង (Nguyen Duc Chung) ប្រធានរដ្ឋបាលនៃទីក្រុងហាណូយ បានសរសេរនៅលើគេហទំព័ររបស់ទីក្រុងថា «យើងត្រូវតែចាត់វិធានការឥឡូវនេះ និងធ្វើសកម្មភាពឲ្យបានលឿនបំផុត ហើយរាល់ការប្រជុំធំៗទាំងអស់ នឹងត្រូវហាមឃាត់រហូត ដល់មានការជូនដំណឹងបន្ថែមទៀត»។ លោក Chung បានបន្តទៀតថា «មនុស្សជាង ២១,០០០នាក់ដែលបានធ្វើដំណើរវិលត្រឡប់មកពីទីក្រុងដាណាំង នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើតេស្តរក COVID-19 យ៉ាងតឹងរឹងបំផុតពីសំណាក់មន្ត្រីសុខាភិបាល»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងហាណូយបានបញ្ជាឲ្យបារ និងហាងស្រាត្រូវបិទជាបន្ទាន់ ព្រមទាំងហាមឃាត់ការជួបជុំធំៗ បន្ទាប់ពីបានរកឃើញករណីឆ្លង COVID-19 ចំនួន ០១ករណីនៅថ្ងៃដដែល៕