(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១០៥ករណីបន្ថែម នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់កើតមានប៉ុន្មានខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ១០៥ករណីខាងលើនេះ ៩៦ករណីស្ថិតនៅតំបន់ស្វយ័តស៊ីជាំង (Xinjiang) ភាគពាយ័ព្យប្រទេស, ០៥ករណីនៅខេត្តលាវនីង (Liaoning) និងមួយករណីនៅប៉េកាំង ចំណែកឯ ០៣ករណីទៀតជាករណីនាំចូលពីបរទេស។
តាមរយៈវិធានការរឹតត្បិតរួមមាន ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់, ការអនុវត្តគម្លាតសុវត្តិភាព, កម្មវិធីធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំ និងជាពិសេសការបិទទីក្រុងទាំងមូល ប្រទេសចិនអាចគ្រប់គ្រង ការឆ្លងរីករាលដាលនៃវីរុសនេះ បានយ៉ាងជោគជ័យ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការផ្ទុះឡើងវិញបានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៨៤,១៦៥ករណី ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និង ៧៨,៩៥៧នាក់៕