(ឡុងដ៍)៖ កាសែតអង់គ្លេស Sunday Times បានរាយការណ៍ថា រដ្ឋាភិបាលអង់គ្លេសចង់ឃើញលោក ដូណាល់ ត្រាំ ចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆកាខាងមុខនេះ។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។
ទោះបីជានាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតជាមួយនឹងលោក ត្រាំ ប៉ុន្តែទីប្រឹក្សារដ្ឋាភិបាលម្នាក់ បានប្រាប់កាសែតក្នុងស្រុកមួយថា លោក ចនសុន កំពុងព្យាយាមដើរចេញពីលោក ត្រាំ។ ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មិនសូវជាចុះសម្រុងនឹងគ្នាទេ នាមួយរយៈពេលចុងក្រោយនេះ។ ជាក់ស្តែងនៅពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី អង់គ្លេសបានដើរតាមគន្លងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei ហើយការសម្រេចនេះត្រូវបានធ្វើឡើង ដោយសារសម្ពាធពីរដ្ឋាបាលរបស់លោក ត្រាំ ទោះបីជាខ្លួនដឹងច្បាស់ថា សេដ្ឋកិច្ចនឹងការខាតបង់។
ប្រភពដដែលនេះបានគូសបញ្ជាក់ដែរថា លោក ត្រាំ បានស្តីបន្ទោសលោក ចនសុន ក្នុងកំឡុងពេលសន្ទានតាមទូរស័ព្ទ កាលពីខែមករាកន្លងទៅនេះ ដោយសារតែលោក ចនសុន បានបដិសេធមិនព្រមលុបចោលកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Huawei ដើម្បីជួយអភិវឌ្ឍបណ្តាញទូរគមនាគមន៍ 5G នៅចក្រភពអង់គ្លេស។
រដ្ឋាភិបាលលោក ចនសុន កំពុងប្រឈមនឹងសម្ពាធពីសាធារណៈជន កាន់តែខ្លាំងឡើងៗ ដោយសារតែកិច្ចចរចា Brexit ជិតដល់ថ្ងៃផុតកំណត់ ហើយរដ្ឋាភិបាលរបស់លោក កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី ជាមួយនឹងសហរដ្ឋអាមេរិក ប៉ុន្តែផ្លែផ្កានៃកិច្ចព្រមព្រៀងនេះ ហាក់មិនសូវផ្តល់ផលវិជ្ជមានទាល់តែសោះ។ លោកស្រី លីស ត្រាស់ (Liz Truss) អ្នកជំនាញចរចាផ្នែកពាណិជ្ជកម្មមួយរូបបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីនេះ អាចទទួលបានផ្លែផ្កាតិចតួចណាស់។
លោកស្រី Truss ក៏បានបញ្ជាក់ពី ស្ថានភាពជាក់ស្តែងនៃកិច្ចព្រមព្រៀង ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះថា វាអាចនឹងកាន់តែមានភាពងាយស្រួលជាងនេះ ប្រសិនបើលោក ត្រាំ ចាញ់ឆ្នោតនាពេលខាងមុននេះ។
គួរបញ្ជាក់ថា ប្រសិនបើលោក បៃដិន ជាប់ឆ្នោត លោកទំនងអាចទាញអាមេរិកឲ្យក្លាយជា ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership) ឡើងវិញ
ដែលជាសន្ធិសញ្ញាពាណិជ្ជកម្ម ធ្លាប់ត្រូវបានគាំទ្រដោយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែត្រូវបានបោះបង់ចោលដោយលោក ត្រាំ៕