(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃពុធនេះបានគូសបញ្ជាក់ថា ទីប្រជុំកោះតាវយុ (Diaoyu) គឺជាទឹកដីរបស់ចិន និងមានតែចិនទេ ដែលមានសិទ្ធិធ្វើសកម្មភាពអនុវត្តច្បាប់ នៅក្នុងតំបន់ជុំវិញទីប្រជុំកោះនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។
ការកត់សម្គាល់បែបនេះ ត្រូវបានធ្វើបន្ទាប់ពី ឧត្តមសេនីយ៍ ខេវិន ស្កាណៃដឺ (Kevin Schneider) ដែលជាមេបញ្ជាការ កងទ័ពអាមេរិក ប្រចាំនៅមូលដ្ឋានយោធាក្នុងប្រទេសជប៉ុន បានលើកឡើងកាលពីពេលថ្មីៗនេះថា យោធាអាមេរិកនឹងជួយជប៉ុន ឃ្លាំមើលសកម្មភាពលុកលុយរបស់ចិន នៅតំបន់ទីប្រជុំកោះនៅសមុទ្រចិនខាងកើត ដែលកំពុងមានជម្លោះនឹងគ្នា។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានអំពាវនាវឲ្យភាគីអាមេរិក ស្ថិតនៅឲ្យឆ្ងាយពីជម្លោះមួយនេះ ដោយសង្ឃឹមថាភាគីពាក់ព័ន្ធនឹងខិតខំបន្ថែមទៀត ដើម្បីថែរក្សាស្ថិរភាពនៅក្នុងតំបន់ ជំនួសឲ្យការធ្វើសកម្មភាពណាមួយ ដែលមិនអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ។
គួរជម្រាបថា កាលពីដើមខែនេះ ប្រទេសជប៉ុនបានចោទប្រកាន់ចិនចំៗថា បាន «រំលោភបំពានឥតឈប់ឈរ» ក្នុងដែនទឹកទីប្រជុំកោះតាវយុ (Diaoyu) ដែលជប៉ុនដាក់ឈ្មោះឲ្យថា ស៊ិនកាគុ (Senkaku)។ រដ្ឋភិបាលជប៉ុនបានអះអាងថា តំបន់កោះកំពុងមានជម្លោះមួយនេះ គឺជាកម្មសិទ្ធិរបស់ខ្លួន ហើយសកម្មភាពណាមួយរបស់ចិន នៅលើដែនកោះមួយនេះ គឺជាការរំលោភពាន និងការបង្កហេតុ៕