Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនទទួលសំណើឲ្យផលិត នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្របន្ថែម ដើម្បីឆ្លើយតបសកម្មភាពអាមេរិក នៅសមុទ្រចិនខាងត្បូង (Video inside)

29-07-2020 10:39

(ម៉ូស្គូ)៖ ព័ត៌មានមួយចំនួនត្រូវបានចុះផ្សាយ ជាបន្តបន្ទាប់នៅលើប្រព័ន្ធផ្សព្វផ្សាយចិន ពីសំណើផលិតនាវាចម្បាំងស៊េរីថ្មីមួយ ដែលអាចផ្ទុក និងឱ្យឧទ្ធម្ភាគចក្រចុះចតរបស់កងទ័ពចិន ខណៈសហរដ្ឋអាមេរិកកាន់តែបង្កើនសកម្មភាពយោធា នៅឯតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

ក្រុមអ្នកឃ្លាំមើលផ្នែកយោធា បានហៅនាវាចម្បាំងខាងលើថា Type 076 LHD ជាប្រភេទនាវាចម្បាំងអភិវឌ្ឍបន្ថែម ចេញពីនាវាចម្បាំង Type 075 LHD ដែលកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជន PLA ផលិតបានពីរគ្រឿងរួចហើយ។ Type 076 មានទម្ងន់ ៤០,០០០តោន ឬធ្ងន់ជាង Type 075 បន្តិច ប៉ុន្តែវាមានទម្ងន់ស្រាលជាង នាវាចម្បាំងផ្ទុកឧទ្ធម្ភាគចក្រប្រភេទ LHAs របស់កងទ័ពជើងទឹកអាមេរិក ដែលមានទម្ងន់ ៤៥,០០០តោន។

ដោយឡែក បើតាមសារព័ត៌មានរដ្ឋចិន Global Times នាវាចម្បាំង Type 076 នេះនឹងមានសមត្ថភាពផ្ទុកឧទ្ធម្ភាគចក្រយ៉ាងហោច ៣០គ្រឿង និងក៏មានបំពាក់បច្ចេកវិទ្យាប្រព័ន្ធអេឡិចត្រូម៉ាញេទិច (EMALS) សម្រាប់បាញ់បង្ហោះយានគ្មានមនុស្សបើក ឬយន្ដហោះដ្រូនផងដែរ។

ក៏ប៉ុន្តែសំណើផលិតនាវាចម្បាំង Type 076 មិនទាន់ត្រូវបានកងទ័ពរំដោះប្រជាជនចិន PLA អនុម័តនៅឡើយទេ ហើយក៏មិនទាន់មានសេចក្ដីថ្លែងការណ៍ ជាផ្លូវការណាមួយពីនាវាចម្បាំងនេះដែរ ត្រូវបានធ្វើឡើងផងដែរ៕