(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការប្រកាសកាត់ទោសដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យប្រាក់៤៩.៣៨លានដុល្លារអាមេរិក ពីបទប្រព្រឹត្តិអំពើពុករលួយលុយរដ្ឋ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយមុននេះបន្តិចនាព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ។
សូមជំរាបថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តទោសកំហុស ជុំវិញ ការចោទប្រកាន់លើបទល្មើសចំនួន៧ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។
ចៅក្រមតុលាការជាន់ខ្ពស់ម៉ាឡេស៊ី លោក Mohd Nazlan Mohd Ghazali បានរកឃើញថាលោក ណាជីប មានអាយុ៦៧ឆ្នាំ បានប្រព្រឹត្តទោសកំហុសក្នុងនោះរួមមាន ល្មើសអំណាចមួយបទចោទ, រំលោភលើសេចក្ដីទុកចិត្ត៣បទចោទ, និងលាងលុយកខ្វក់៣បទចោទ ពាក់ព័ន្ធនឹងអំពើពុករលួយលើមូលនិធិរដ្ឋ 1MDB ក្នុងទំហំទឹកប្រាក់ ១៣.៦លានដុល្លារ។
លោក ណាជីប រ៉ាហ្សាក់ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨៕