(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងថា សង្គ្រាមនឹងមិនអាចផ្ទុះឡើងនោះទេ ដោយសារយើងមានអាវុធនុយក្លេអ៊ែរ ដើម្បីធានានូវសុវត្ថិភាព និងអនាគតរបស់ខ្លួន ទោះបីជាមានសម្ពាធពីខាងក្រៅ និងការគំរាមកំហែងផ្នែកយោធាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។
លោក គីម ជុងអ៊ុន បានលើកឡើងដូចខាងលើនេះ នៅពេលដែលលោកចូលរួមនៅក្នុងពិធីប្រារព្ធខួបលើកទី៦៧ នៃការបញ្ចប់នៃសង្គ្រាមកូរ៉េ (១៩៥០-៥៣) ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃចន្ទម្សិលមិញនេះ។ នៅក្នុងសុន្ទរកថាលោក គីម បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធណាមួយ ហើយឥឡូវនេះយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារខ្លួននៅចំពោះមុខ ការគំរាមកំហែងផ្នែកយោធា ពីសំណាក់កងទ័ពចក្រពត្តិនិយម។
គួរបញ្ជាក់ថា លោក គីម ជុង អ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបគ្នាជាលើកដំបូងនៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ ហើយភាគីទាំងពីរបានបង្កើនលទ្ធភាព នៃការលុបបំបាត់ កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែសម្រាប់កិច្ចប្រជុំលើកទី២ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ កិច្ចចរចារវាងភាគីទាំងត្រូវបានជាប់គាំង ដោយសារតែការមិនយល់ស្របគ្នាអំពីរបៀប និងកាលបរិចេ្ឆទ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង៕