(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានប្រកាសកាលពីវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះថា អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងឆឹងទូ (Chengdu) នៃខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន ត្រូវបានបិទទ្វារជាស្ថាពរហើយ ដោយពេលនេះសមត្ថកិច្ចចិន កំពុងឈរជើងនៅជុំវិញអគារនោះ ដើម្បីគ្រប់គ្រងសន្តិសុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសចិន បានលើកឡើងយ៉ាងដូច្នេះថា «នៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា តបតាមសំណើរបស់ភាគីចិន អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Chengdu ត្រូវបានបិទទ្វារ។ បន្ទាប់ពីនោះ អាជ្ញាធរបានចូលទៅកាន់ច្រកទ្វារចូលអគ្គកុងស៊ុល និងគ្រប់គ្រងស្ថានការណ៍»។
នៅមុនសេចក្តីប្រកាសជាផ្លូវការ នៃក្រសួងការបរទេសចិន សារព័ត៌មានចិនបានចេញផ្សាយថា ទង់ជាតិអាមេរិកប្រចាំនៅអគ្គកុងស៊ុលខាងលើ ត្រូវបានបង្ហូតមកនៅត្រឹមពាក់កណ្តាលដង កាលពីវេលាម៉ោង ៦៖១៨នាទីព្រឹកថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ប្រទេសចិនបានសម្រេចឲ្យអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Chengdu បិទទ្វារ ដើម្បីជាការសងសឹកនឹងអាជ្ញាធរអាមេរិកដែលបានបង្គាប់ឲ្យស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងហូស្តុន (Houston) រដ្ឋតិចសាស់បិទទ្វារដូចគ្នា កាលពីថ្ងៃទី២១ ខែកក្កដា។
អាមេរិកបានអះអាងថា ចិនគ្មានសិទ្ធិតបតខ្លួនវិញយ៉ាងដូច្នេះឡើយ ខណៈចិននៅមុនរឿងនេះកើតឡើង ធ្លាប់បានចាត់ទុកថា ការបិទស្ថានកុងស៊ុលរបស់ខ្លួននៅ ហួស្តុន គឺជាការបិទបាំងភាពបរាជ័យចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុណ្ណោះ ហើយចិនក៏បានច្រានចោលរាល់ការចោទប្រកាន់នានា ពាក់ព័ន្ធនឹងការប្រើប្រាស់ស្ថានកុងស៊ុលដើម្បីស៊ើបការណ៍ និងលួចទិន្នន័យពីពលរដ្ឋអាមេរិកនោះផងដែរ៕