(បរទេស)៖ ទិន្នន័យទីផ្សារតម្លៃមាស សម្រាប់ថ្ងៃអាទិត្យសប្តាហ៍មុននេះបានបង្ហាញថា តម្លៃមាសនៅលើទីផ្សារសកល បានហក់ឡើងរហូតទៅដល់ជិត ២,០០០ដុល្លារអាមេរិកក្នុងមួយអោន (១អោន = ២៨.៣៤៩៥ក្រាម) ដែលជាការកើនឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។
ថ្មីៗនេះអ្នកវិនិយោគបាននាំគ្នា សម្រុកទៅទិញមាសទុក ដែលប្រការនេះវាធ្វើឲ្យតម្លៃរបស់វា កើនឡើងយ៉ាងឆាប់រហ័ស ខណៈពេលដែលភាពមិនប្រាកដប្រជា នៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក នៅតែបន្តកើតឡើង នៅចំពោះមុខការរីករាលនៃជំងឺ COVID-19។
គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ទិន្នន័យសកលបានបង្ហាញថា តម្លៃមាសនៅក្នុងទីផ្សារដោះដូរ COMEX នៅទីក្រុងញូយ៉កគឺកើនដល់ ១,៩១១.៧ដុល្លារក្នុងមួយអោន។ តាំងពីយូរលង់ណាស់មកហើយ មាសត្រូវចាត់ទុកជាទ្រព្យដ៏មានសុវត្ថិភាពបំផុត នៅគ្រប់ប្រទេសទាំងអស់។
ធនាគារពិភពលោក (World Bank) ធ្លាប់បានព្យាករណ៍កាលពីមុនផ្ទុះជំងឺ COVID-19 ថា តម្លៃមាសជាមធ្យមនឹងកើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនឹងកើនដល់ ១,៦០០ដុល្លារអាមេរិកក្នុងមួយអោននៅក្នុងឆ្នាំ២០២០ និងធ្លាក់ចុះបន្តិចមកវិញនៅឆ្នាំបន្ទាប់ គឺនៅត្រឹម ១,៥៩០ដុល្លារអាមេរិកក្នុងមួយអោន៕