(ហាណូយ)៖ ប្រទេសវៀតណាមបានបង្កើនការប្រុងប្រយ័ត្នសាជាថ្មី បន្ទាប់ពីមន្ត្រីសុខាភិបាលនៅទីក្រុងដាណាង បានរកឃើញករណីឆ្លង COVID-19 នៅក្នុងស្រុកដំបូងមិនធ្លាប់មាន ៣ខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈវិធានការរឹតត្បិតរួមមាន ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់ ការអនុវត្តគម្លាតសុវត្តិភាព និងកម្មវិធីធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំ។ ប្រទេសវៀតណាមកន្លងមកត្រូវបានអន្តរជាតិចាត់ទុកថា អាចគ្រប់គ្រងការឆ្លងរីករាលដាល នៃវីរុសនេះបានយ៉ាងជោគជ័យ។
កាលពីថ្ងៃសុក្រម្សិលមិញ ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា បុរសវ័យ ៥៧ឆ្នាំម្នាក់រស់នៅទីក្រុងដាណាង បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ខណៈដែលមនុស្ស ៥០នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរដាក់ ឱ្យនៅដាច់ដោយឡែក។ ក្រសួងបន្ថែមទៀតថា មនុស្សចំនួន ១០៣នាក់ដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺត្រូវបានអាជ្ញាធរធ្វើតេស្តទាំងអស់ ហើយលទ្ធផលគឺ «អវិជ្ជមាន»។ អាជ្ញាធរវៀតណាមមិនបានបញ្ជាក់ឱ្យច្បាស់ថា តើបុរសរូបនោះបានឆ្លងវីរុសនេះ តាមរបៀបណានោះទេ ដោយគ្រាន់តែបង្ហើបថា គាត់មិនបានចាកចេញពីទីក្រុងដាណាង ក្នុងរយៈពេលជិតមួយខែចុងក្រោយនេះ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន ៤១៦ករណី និងមិនមានករណីស្លាប់នោះទេ ហើយក្នុងចំណោមនោះ ១៥០ករណីជាប្រភេទករណីនាំចូលពីបរទេសទាំងអស់។ កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលវៀតណាមបានថ្លែងថា ខ្លួននឹងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ១៣០នាក់ដែលមានផ្ទុក COVID-19 ចេញពីប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea) ស្ថិតនៅតំបន់អាហ្វ្រិកភាគកណ្តាល៕