(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ១១៣ករណីបន្ថែមនៅថ្ងៃសៅរ៍នេះ ដែលជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេលជិត ៤ខែចុងក្រោយនេះ ហើយអាជ្ញាធរបានព្រមានថា តួលេខអាចនឹងកើនឡើងថែមទៀត ខណៈដែលករណីនាំចូលពីបរទេស នៅតែបន្តហូរចូលមកក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េហៅកាត់ថា KCDC បានឱ្យដឹងថា ៣ ភាគ ៤ នៃការឆ្លងថ្មីៗនេះ គឺជាករណីនាំចូលពីបរទេសដោយក្នុងចំណោមនោះ ៧០% គឺជាជនជាតិកូរ៉េ។ រហូតមកដល់នឹងពេលនេះ ករណីឆ្លង COVID-19 បានកើនឡើងដល់ ១៤,០៩២ករណី ក្នុងនោះអ្នកជំងឺ ២៩៨នាក់បានស្លាប់។
លោក ក្វុន ជូនវូក (Kwon Jun-wook) នាយករងរបស់ KCDC បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា «រៀងរាល់ថ្ងៃយើងមានអារម្មណ៍ថា វិបត្តិ COVID-19 នៅតែមិនទាន់ឈានដល់ចំណុចកំពូលនៅឡើយទេ»។
គួរបញ្ជាក់ថា យន្តហោះយោធាកូរ៉េខាងត្បូងចំនួន ០២គ្រឿងបានទៅដល់ប្រទេស អ៉ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជម្លៀសប្រជាជនរបស់ខ្លួនចំនួន ២៩៣នាក់ ខណៈដែលករណីឆ្លង COVID-19 នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ក៏កំពុងកើនឡើងគួរឲ្យព្រួយបារម្ភដែរ៕