(ប៉េកាំង)៖ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ មួយរូបបាននិយាយថា ចំណាត់ការសងសឹងរបស់ចិន ដែលបានបិទស្ថានកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំទីក្រុងឆឹងទូ (Chengdu) នៃខេត្តស៊ីឈាន់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់យ៉ាងធ្ងន់ធ្ងរ ដ្បិតថាទីតាំងនៃអគ្គកុងស៊ុលនេះ ស្ថិតនៅក្បែរតំបន់ស៊ីនជាំង (Xinjiang) និងទីបេ (Tibet) ដែលជាតំបន់គោលដៅរបស់អាមេរិក ក្នុងការបង្កអស្ថេរភាពនៅចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
លោក ខេជេ ណូហ៍ (KJ Noh) អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងប្រាប់សារព័ត៌មាន Sputnik ថា ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាម បង្កើនអរិភាពជាមួយប្រទេសចិន ទីក្រុងប៉េកាំងឯណោះវិញ បានចាត់វិធានការឆ្លើយតបយ៉ាងយកចិត្តទុកដាក់បំផុត។
អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ទៀតថា ចិនបានសម្រេចជ្រើសរើសបិទស្ថានកុងស៊ុលនៅខេត្តស៊ីឈាន់ គឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ វាត្រូវបានចាត់ទុកជាភាពឆ្លាតវៃ ព្រោះប្រសិនបើទីក្រុងប៉េកាំង សម្រេចបិទកុងស៊ុលអាមេរិកនៅសៀងហៃ ឬក្វាងចូវ ប្រាកដជានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដូច្នេះទីក្រុងវ៉ាស៊ីនតោន ច្បាស់ជានឹងអាចសងសឹកវិញជាមិនខាន។ ដោយឡែក បើចិនជ្រើសរើសយកស្ថានកុងស៊ុលនៅវូហាន នោះវានឹងក្លាយជានិមត្តិរូបសុទ្ធសាធ ដ្បិតស្ថានកុងស៊ុលនៅទីនោះ បានបិទទ្វារស្រាប់ទៅហើយ ដូច្នេះចិនមិនជ្រើសរើសធ្វើដូច្នោះទេ។
លោក KJ Noh បានគូសបញ្ជាក់បន្ថែមថា «តាមទស្សនៈរបស់សហរដ្ឋអាមេរិក នេះគឺជាការបាត់បង់ផលប្រយោជន៍ ផ្នែកស៊ើបការណ៍សំងាត់របស់ខ្លួនដ៏សំខាន់បំផុតមួយ ដ្បិតថាសហរដ្ឋអាមេរិក តែងតែបានប្រើប្រាស់ស្ថានកុងស៊ុលនេះ ដើម្បីធ្វើប្រតិបត្តិការស៊ើបការណ៍នៅទីបេ និងស៊ីនជាំង»។
គួរជម្រាបថា កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដាម្សិលមិញនេះ អាជ្ញាធរក្រុងប៉េកាំងបានស្រេចចេញបញ្ជា ឲ្យបិទអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំទីក្រុងឆឹងទូ (Chengdu) នៃខេត្តស៊ីឈាន់ (Sichuan) ដើម្បីជាការឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានបង្គាប់ឲ្យបិទស្ថានកុងស៊ុលចិន ប្រចាំទីក្រុងហូស្តុន (Houston) នៃរដ្ឋតិចសាស កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅនេះ។ ទង្វើនេះត្រូវបានចិនចាត់ទុកថា ជារឿងមិនសមហេតុផល និងគ្រាន់តែជាល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុណ្ណោះ៕