(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបើកកិច្ចពិភាក្សា មួយតាមទូរស័ព្ទ ជុំវិញវិបត្តិ COVID-19 និងការគ្រប់គ្រងអាវុធ។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យសេតវិមាន លោក Judd Deere បានគូសបញ្ជាក់ដូច្នេះថា៖ «មេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នាពីកិច្ចខិតខំ ប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាប COVID-19 ខណៈកំពុងបន្តបើកចំហសកម្មភាពសេដ្ឋកិច្ចសកល»។ លោក Judd Deere បន្ថែមទៀតថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបញ្ជាក់ជំហរដដែលផងដែរ ដោយចង់ឱ្យចិន ចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធត្រីភាគី រួមមានសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ហើយថាសហរដ្ឋអាមេរិកកំពុងសម្លឹងមើលភាពជឿនលឿនលើកិច្ចចរចា នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធ នៅជុំបន្ទាប់ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស។

គួរបញ្ជាក់ថា សន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ ដោយអាមេរិក និងរុស្ស៊ី នឹងត្រូវអស់សុពលភាព នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ រុស្ស៊ីបានបង្ហាញពីបំណងចង់បន្តសុពលលើសន្ធិសញ្ញានេះ ប៉ុន្តែសហរដ្ឋអាមេរិក មិនទាន់ឆ្លើយតបជាវិជ្ជមាននៅឡើយទេ ដោយបញ្ជាក់ ជាដដែលៗជាច្រើនលើកពីបំណងចង់ឱ្យចិនចូលរួមក្នុងសន្ធិសញ្ញានេះដែរ៕