(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានរាយការណ៍ឲ្យដឹងថា ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិកហៅកាត់ថា FBI បានធ្វើការសួរនាំអ្នកកាន់ទិដ្ឋាការជនជាតិចិនជាច្រើននាក់ ដែលរស់នៅក្នុងទីក្រុងចំនួនច្រើនជាង ២៥ របស់សហរដ្ឋអាមេរិកពីបទសង្ស័យថា បានលាក់បាំងអត្តសញ្ញាណជាសមាជិកយោធាចិនរបស់ពួកគេ ខណៈជនជាតិចិន ០៣នាក់ហើយត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។
ជំនួយការនៃអគ្គរដ្ឋអាជ្ញារងអាមេរិកលោក ចន ឌីមើស៍ (John Demers) បានលើកឡើងយ៉ាងដូច្នេះថា «សមាជិកនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានដាក់ពាក្យសុំទិដ្ឋាការស្រាវជ្រាវនៅសហរដ្ឋអាមេរិក ខណៈដែលពួកគេទាំងនោះបានលាក់សម្ព័ន្ធភាពពិតរបស់ពួកគេជាមួយ PLA… នេះគឺជាផ្នែកមួយទៀតនៃផែនការរបស់បក្សកុម្មុយនីស្តចិន ដើម្បីទាញយកផលប្រយោជន៍ ពីសង្គមដ៏បើកចំហរបស់យើង និងបានកេងចំណេញពីស្ថាប័នអប់រំរបស់យើងច្រើនណាស់»។
ក្រសួងយុត្តិធម៌អាមេរិកបានគូសបញ្ជាក់ទៀតថា FBI បានចាប់ខ្លួនជនជាតិចិន ០៣នាក់ពីបទលាក់បាំងសមាជិកភាព នៅក្នុងកងទ័ពប្រជាជនចិន PLA នៅពេលពួកគេបានដាក់ពាក្យស្នើសុំទិដ្ឋាការ ដើម្បីធ្វើការស្រាវជ្រាវ នៅស្ថាប័នសិក្សារបស់សហរដ្ឋអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិកបានបន្ថែមថា FBI កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យទី ០៤ ដែលបានស្វែងរកការជ្រកកោននៅក្នុងស្ថានកុងស៊ុលចិននៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បន្ទាប់ពីត្រូវបានសម្ភាសន៍ដោយការិយាល័យកាលពីខែមិថុនាកន្លងទៅនេះ។
គួរជម្រាបថា កាលពីម្សិលមិញនេះ រដ្ឋាភិបាលអាមេរិកបានសម្រេចចិត្តទុកពេលឲ្យចិន ៧២ម៉ោង ដើម្បបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុងហូស្តុន (Houston) នៃរដ្ឋតិចសាស់ ដែលជាស្ថានកុងស៊ុលចំណាស់ជាងគេបំផុតរបស់ចិន នៅលើទឹកដីសហរដ្ឋអាមេរិក។ ការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើងក្រោមហេតុផល ការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ទីក្រុងប៉េកាំង។
ទោះជាបែបនេះក្តី ក្រសួងការបរទេសចិនបានប្រកាសនៅក្នុងសប្តាហ៍នេះថា ខ្លួនច្រានចោលរាល់ការចោទប្រកាន់ ដែលមិនសមហេតុផលទាំងឡាយពីសំណាក់សហរដ្ឋអាមេរិក និងបានចាត់ទុកទង្វើបិទស្ថានកុងស៊ុលចិន ព្រមទាំងគំរាមកំហែងនានា ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រាន់តែជាការបិទបាំងភាពបរាជ័យ នៅមុនការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខនេះប៉ុណ្ណោះ៕