(អ៉ីរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRIB បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា យន្តហោះចម្បាំងរបស់អាមេរិកចំនួនពីរគ្រឿង បានហោះមកកៀកៗយន្តហោះដឹកអ្នកដំណើរអ៉ីរ៉ង់មួយគ្រឿង ដែលកំពុងហោះហើរនៅក្នុងដែនអាកាសស៊ីរី និងបង្ខំឲ្យអាកាសយានិកបញ្ជា លើយន្តហោះអ៉ីរ៉ង់ ប្តូររយៈកម្ពស់នៃការហោះហើរ ព្រមទាំងឲ្យសញ្ញាព្រមាន ដើម្បីបង្ការការបុកគ្នា។ នេះបើតាមការដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើនេះប្រាកដណាស់ថា ជាការដុតឲ្យជម្លោះរវាងប្រទេសទាំងពីរ កាន់តែតានតឹងខ្លាំងឡើង ព្រោះវាធ្វើឲ្យគ្រប់គ្នានឹកឃើញដល់ ការបាញ់ទម្លាក់យន្តហោះ ដឹកអ្នកដំណើរអ៉ីរ៉ង់ កាលពីឆ្នាំ១៩៨៨ ដែលបានផ្តាច់ជីវិតមនុស្ស ២៩០នាក់ ហើយដែលកាលណោះអ៉ីរ៉ង់បានចោទថា ជាទង្វើរបស់សហរដ្ឋអាមេរិក។
សម្រាប់ហេតុការណ៍ដ៏រសើប ដែលបានកើតមាន នៅក្នុងសប្តាហ៍នេះវិញ ពីដំបូងឡើយត្រូវបានពីឡុតអ៉ីរ៉ង់ អះអាងថា ជាយន្តហោះចម្បាំងអ៉ីស្រាអែលចំនួនមួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែក្រោយការពិនិត្យជាក់លាក់ ទើបក្រុមពីឡុតលើយន្តហោះអ៉ីរ៉ង់បញ្ជាក់ថា យន្តហោះចម្បាំង (មិនបញ្ជាក់ប្រភេទ) មានចំនួនពីរគ្រឿងឯណោះ និងជារបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរអ៉ីរ៉ង់ខាងលើនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អ៉ីរ៉ង់ម៉ាហាន់អ៊ែរ (Mahan Air) មានជើងហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងប៊ែររូត (Beirut) ប្រទេសលីបង់ ដោយត្រូវឆ្លងកាត់ដែនអាកាសប្រទេសស៊ីរី។ ទាំងខាងយោធាអ៉ីស្រាអែល និងអាមេរិក មិនទាន់បញ្ចេញប្រតិកម្មណាមួយ អំពីហេតុការណ៍ខាងលើនេះនៅឡើយទេ៕