(រីយ៉ាដ)៖ ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស (Salman bin Abdulaziz) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ទើបតែឆ្លងផុតដោយ ជោគជ័យនូវការវះកាត់យកថង់ទឹកប្រមាត់របស់ទ្រង់ចេញ ក្រោយមានបញ្ហា។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អារ៉ាប៊ីសាអូឌីត SPA ចុះផ្សាយបន្តដោយសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ព្រះរាជវាំងអារ៉ាប៊ីសាអូឌីត បានប្រកាសឲ្យដឹងថា ព្រះចៅ សាល់ម៉ាន់ ត្រូវបានយាងទៅកាន់មន្ទីរពេទ្យ ឯកទេសនៃព្រះចៅហ្វៃសាល់ (Faisal) ដែលស្ថិតក្នុងរាជធានីរីយ៉ាដ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព ក្រោយមានការសង្ស័យអំពី ការរលាកថង់ទឹកប្រមាត់របស់ទ្រង់។
គួរជម្រាបថា យោងតាមប្រភពព័ត៌មានខាងលើ ក្រោយការវះកាត់ទទួលជោគជ័យ ព្រះចៅ សាល់ម៉ាន់ ដែលមានព្រះជន្ម៨៤ព្រះវស្សា នឹងបន្តសម្រាកនៅមន្ទីរពេទ្យព្រះចៅហ្វៃសាល់មួយរយៈពេលទៀត៕