(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បានកើន៩២០នាក់បន្ថែមទៀត គឺឡើងដល់២៨,១៩០នាក់ នៅចំពោះមុខការរីករាលដាលសាជាថ្មីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ គឺត្រូវបានរកឃើញច្រើនជាងគេនៅទីក្រុងតូក្យូ ជាមួយចំនួន៣៦៦នាក់ ធ្វើឲ្យចំនួនសរុបនៅក្នុងទីក្រុងនេះ កើនដល់១០,៤២០នាក់ ។ វាក៏ជាលើកដំបូងផងដែរ ដែលករណីឆ្លងប្រចាំថ្ងៃនៅតូក្យូបានកើនហួស៣០០នាក់ ខណៈ១៥ថ្ងៃជាប់គ្នាកន្លងមកនេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅទីក្រុងតូក្យូ បានស្ថិតនៅលើស១០០នាក់រហូត។
គួរជម្រាបថា សម្រាប់ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត នៅប្រទេសជប៉ុនវិញ គឺមាន១,០០៤នាក់ ដោយរាប់បញ្ចូលនូវ១៣នាក់មកពីកប៉ាល់ទេសចរណ៍ Diamond Princess ខណៈចំនួនអ្នកឆ្លងសរុបទាំង២៨,១៩០នាក់ គឺពុំមានរាប់បញ្ចូលចំនួនករណីឆ្លង៧១២នាក់មកពីកប៉ាល់នេះឡើយ។ យ៉ាងណាមិញ អ្នកជំងឺ២១,៣១០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយ៕