Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៩៥ឆ្នាំ លោក មហាធៀ ពិចារណាបង្កើត «គណបក្សនយោបាយថ្មីមួយ» (Video inside)

23-07-2020 17:42

(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ បាននិយាយជាថ្មីម្ដងទៀតថាលោកអាចនឹងពិចារណា ឬក៏នឹងបង្កើតគណបក្សថ្មីមួយតែម្ដង បើសិនជា បំណងបន្តធ្វើជាសមាជិកគណបក្ស Pribumi Bersatu Malaysia ដែលលោកបង្កើតឡើងរួមគ្នាជាមួយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Muhyiddin Yassin ត្រូវបានតុលាការ បដិសេធ នៅថ្ងៃទី០៧ ខែសីហាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

លោក មហាធៀ ធ្វើកត់សម្គាល់បែបនេះ កំឡុងផ្ដល់សម្ភាសន៍ជាមួយសារព័ត៌មាន CNA នៅថ្ងៃពុធសប្ដាហ៍នេះ និងចំពេលដែលមានការរំពឹងកាន់តែច្រើនឡើង ថាការបោះឆ្នោត មុនអាណត្តិមួយនឹងត្រូវធ្វើឡើង នៅប៉ុន្មានខែខាងមុខទៀតនេះ។ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី វ័យ៩៥ឆ្នាំរូបនេះ បានគូសបញ្ជាក់ប្រាប់ CNA ដូច្នេះថា៖ «បើសិនជាខ្ញុំមានអាយុ ៩៨ឆ្នាំ នៅឆ្នាំ២០២៣ ជាពេលដែលការបោះឆ្នោតត្រូវធ្វើឡើង នោះរាងកាយរបស់ខ្ញុំគឺជាឧបសគ្គមួយ។ ប៉ុន្តែបើខ្ញុំនៅតែមានសុខភាពល្អ ខ្ញុំនឹងផ្ដល់ការគាំទ្រទាំងឡាយដែល ខ្ញុំអាចធ្វើទៅបាន...ហើយបើសិនជាយើងត្រូវបានបណ្ដេញចេញពីគណបក្ស នោះយើងត្រូវតែពិរចាណាបង្កើតគណបក្សថ្មីមួយផ្សេងទៀត»

លោក មហាធៀ បានបន្ថែមទៀតថា ទោះបីជាលោកសម្រេចចិត្តមិនចូលរួមឈរឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតក៏ដោយ តែលោកអាចនឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលលើកទី១៥ របស់ម៉ាឡេស៊ី ត្រូវធ្វើឡើងនៅឆ្នាំ២០២៣ ឯណោះ។ ក៏ប៉ុន្តែដោយសារអស្ថេរភាពនយោបាយសព្វថ្ងៃ ការបោះឆ្នោតមុនអាណត្តិ មួយ ត្រូវបានគេរំពឹងថាអាចនឹងត្រូវរៀបចំឡើង នៅក្នុងឆ្នាំ២០២០នេះក៏ថាបាន៕