(ឡូស អាន់ជែលឡែស)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BYD របស់ប្រទេសចិន ដើម្បីទិញម៉ាសប្រភេទ N95 ចំនួន១២៥លានម៉ាស និងម៉ាសពេទ្យចំនួន ៣០០លានម៉ាស ដែលមានទំហំទឹកប្រាក់ប្រមាណ ៣១៥លានដុល្លារ ខណៈចំនួនករណីឆ្លង COVID-19 នៅក្នុងរដ្ឋមួយនេះបានវ៉ាដាច់ រដ្ឋញូយ៉ក ដែលមានករណីឆ្លងច្រើនជាងគេបំផុត ក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។
លោក Newsom បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធសប្តាហ៍នេះ ដូច្នេះថា៖ « យើងបានទទួលម៉ាសប្រភេទ N95 ចំនួន១៤៦លាន និងម៉ាសពេទ្យចំនួន ១៩៣លានម៉ាស នៅក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន BYD ក្នុងការទិញម៉ាស់ចំនួន ៥០០លាន»។
រហូតមកដល់ពេលនេះ រដ្ឋកាលីហ្វ័រញ៉ា បានចែកចាយម៉ាសប្រភេទ N95 ប្រមាណ៨៦.៤លានម៉ាស និងម៉ាសពេទ្យចំនួន ២៩៧លានម៉ាស ដល់អ្នកជួរមុខដែលកំពុងប្រយុទ្ធប្រឆាំង នឹង COVID-19 រួមមានមន្ទីរពេទ្យ, ក្រុមអ្នកសង្គ្រោះបន្ទាន់, កសិករ និងកម្មកររោងចក្រ និងអ្នកថែទាំជនចាស់ជរាផងដែរ។
យោងតាមរបាយការណ៍ចុងក្រោយ រដ្ឋកាលីហ្វ័រញ៉ា រកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន១២,៨០៧ ករណីពេញមួយថ្ងៃពុធម្សិលមិញ ដែលធ្វើឱ្យចំនួនករណីសរុបកើនដល់ ៤១៣,៥៧៦ករណី ក្នុងនោះ៧,៨៧០នាក់បានស្លាប់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បើសិនជាមិនអាចរក្សាគម្លាតសុវត្ថិភាពបាន គឺគួរតែពាក់ម៉ាស ហើយដែលអ្នក ពាក់ម៉ាស គឺជាអ្នកស្នេហាជាតិ ដែលនេះផ្ទុយស្រឡះពីអាកប្បកិរិយាពីមុនរបស់លោក។ ទោះជាយ៉ាងនេះក្តី មនុស្សជាច្រើន នៅតែបន្តបដិសេធមិនពាក់ម៉ាស ដោយបានលើកឡើងថា វាគឺជាជម្រើសរបស់ពួកគេ៕