(តេអេរ៉ង់)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Saeed Namaki បាននិយាយថា វ៉ាក់សាំង COVID-19 ដែលបានផលិតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអ៉ីរ៉ង់ បានឆ្លងកាត់ការតេស្តសាកល្បងក្នុងតំណាក់កាលដំបូង ប្រកបដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

លោក Saeed Namaki បានលើកឡើងយ៉ាងដូច្នេះថា៖ «វ៉ាក់សាំងបានឆ្លងកាត់តំណាក់កាល នៃការតេស្តសាកល្បងទី១ ដោយជោគជ័យ ហើយយើងសង្ឈឹមថា នឹងអាចទទួលបានលទ្ធផល នៅតំណាក់បន្ទាប់ »។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ទៀតថា អ៉ីរ៉ង់គឺបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។

គួរជម្រាបថា អ៉ីរ៉ង់ ត្រូវបានគេចាត់ទុកថាជាប្រទេស ដែលរងគ្រោះដោយសារ COVID-19 ធ្ងន់ធ្ងរជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលនៃជំងឺនេះ នៅក្នុងតំបន់ផងដែរ។ រហូតមកទល់ពេលនេះ អ៉ីរ៉ង់មានអ្នកឆ្លង COVID-19 សរុបជាង ២៨១,៤១៣នាក់ ក្នុងនោះស្លាប់ ១៤,៨៥៣នាក់៕