(ញូដេលី)៖ យោងតាមទិន្នន័យចុងក្រោយ ពីក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសឥណ្ឌាបានកើនលើស ១.២លាននាក់ហើយ ខណៈចំនួនអ្នកស្លាប់វិញក៏បានកើនជិតដល់ជិត ៣ម៉ឺននាក់ដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីៗចំនួនរហូតទៅដល់ ៤៥,៧២០នាក់ និងករណីស្លាប់ចំនួន ១,១២៩នាក់បន្ថែមទៀតនៅទូទាំងប្រទេស ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀតទាំងករណីឆ្លង និងករណីស្លាប់ច្រើនបំផុត។ ប្រការនេះធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ជាង ១,២៣៨,០០០ករណី ដោយក្នុងនោះអ្នកជំងឺសរុប ២៩,៨៦១នាក់ស្លាប់បាត់បង់ជីវិត និង ៧៨២,៦០៧នាក់ទៀតបានជាសះស្បើយឡើងវិញ។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ ដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លានមួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕