(ហ្សឺណែវ)៖ ក្រុមអ្នកស្រាវជ្រាវបានបង្កើត ភាពជឿនលឿនទៅមុខជាច្រើន នៅក្នុងការអភិវឌ្ឍវ៉ាក់សាំងបង្ការ COVID-19 ប៉ុន្តែដើម្បីទទួលបានវ៉ាក់សាំងដំបូង ដែលអាចឲ្យយើងប្រើប្រាស់បាន នោះគឺត្រូវរង់ចាំរហូតទាល់តែដល់ដើមឆ្នាំ២០២១។ នេះបើតាមការលើកឡើងពីអ្នកជំនាញ WHO ដែលត្រូវដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) ជានាយកផ្នែកកម្មវិធីសង្រ្គោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក (WHO) ធ្វើការកត់សម្គាល់ដូចខាងលើនេះ បន្ទាប់ពីការចុះផ្សាយជាបន្តបន្ទាប់ថា វ៉ាក់សាំង COVID-19 អាចនឹងដាក់ឱ្យប្រើប្រាស់ជាលើកដំបូង នៅក្នុងពេលឆាប់ៗនេះ។ លោក Ryan បានគូសបញ្ជាក់ថា «យើងពិតជាកំពុងបង្កើតភាពជឿនលឿនទៅមុខជាច្រើន នៅក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយបច្ចុប្បន្នយើងបានឈានចូលដល់តំណាក់កាលទី ៣ ហើយ នៃការធ្វើតេស្ដលើមនុស្ស ដើម្បីសម្រេចឱ្យបាននូវវ៉ាក់សាំងប្រកបដោយ សុវត្ថិភាព និងប្រសិទ្ធភាព។ ប៉ុន្តែសូមកុំរំពឹងឱ្យសោះថា នឹងមានវ៉ាក់សាំងដំបូងក្នុងឆាប់ៗពេលនេះ។ យើងត្រូវរង់ចាំរហូតដល់ដើមឆ្នាំ២០២១ ឯណោះ»

គួរបញ្ជាក់ថា ខណៈករណីឆ្លង COVID-19 នៅទូទាំងពិភពលោក នៅតែបន្តកើនឡើងគ្មានឈប់ឈរ លោក Mike Ryan ក៏បានផ្ដល់យោបល់ផងដែរថា បច្ចុប្បន្នមិនមែនជាពេលត្រូវរំពឹងលើវ៉ាក់សាំងនោះទេ តែវាគឺជាពេលត្រូវរួមគ្នាចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតសកលមួយនេះ៕