(ប៉េកាំង)៖ នៅទីបំផុតបេសកកម្មស្រាវជ្រាវភពអង្គារដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់ចិនមានឈ្មោះថា ធានវិន-១ (Tianwen-1) ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាន វិនឆាង (Wenchang) ស្ថិតនៅលើខេត្តដីកោះហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិនហើយ កាលពីវេលាម៉ោង ១២៖៤១នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ (ម៉ោងនៅទីក្រុងប៉េកាំង)។

បេសកកម្ម Tianwen-1 ដែលមាន ផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ, ជើងទម្រសម្រាប់ចុះចត និងរ៉ូបូតសម្រាប់ចល័តលើផ្ទៃដីភពអង្គារនោះ ត្រូវបានដឹកនាំដោយគ្រាប់រ៉ុក្កែត Long March-5 Y4 របស់ចិនទៅកាន់ទីអវកាស ហើយវានឹងត្រូវការពេលចាប់ពី ៦-៧ខែឯណោះ ទើបអាចធ្វើដំណើរទៅដល់ភពអង្គារ ដែលអាចនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា ចិនមានមហិច្ឆតាស្រាវជ្រាវអំពីធនធាន ដែលមាននៅក្នុងដីរបស់ភពអង្គារ ហើយនេះជាមហិច្ឆតាធំបំផុតមួយ បន្ទាប់ពីការទទួលជោគជ័យជាច្រើន ពីបេសកកម្មឆាងអឺ (Changé) លើឋានព្រះច័ន្ទនាប៉ុន្មានឆ្នាំកន្លងមកនេះ។

ដោយឡែកអាមេរិក ក៏គ្រោងបាញ់បញ្ជូនយានថ្មីឈ្មោះ ភើសេវើរិនស៍ (Perseverance) ទៅកាន់ភពអង្គារនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះផងដែរ ក្រោយអេមីរ៉ាត់អារ៉ាប់រួមបានបាញ់បង្ហោះយាន-ផ្កាយរណប Amal ដោយជោគជ័យកាលពីថ្ងៃទី២០ ខែកក្កដា ដើម្បីស្រាវជ្រាវបរិយាកាសភពអង្គារ ហើយយានទាំងបីគ្រឿងនេះ គ្រោងនឹងហោះទៅភពក្រហមនោះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ដូចៗគ្នាតែម្តង៕

ប្រភព៖ CGTN (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០)