(ទ្រីប៉ូលី)៖ ក្រសួងយុត្តិធម៌របស់រដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានថ្លែងប្រាប់ឲ្យដឹងក្នុងសប្តាហ៍នេះថា សាកសពមិនស្គាល់អត្តសញ្ញាណចំនួន ១១នាក់ត្រូវបានគេប្រទះរកឃើញ នៅក្នុងរណ្តៅដ៏ធំមួយនៅក្នុងទីក្រុងតាហ៊ូណា (Tarhuna) ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត ពីភាគខាងត្បូងនៃរដ្ឋធានីទ្រីប៉ូលី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងយុត្តិធម៌លីប៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គណៈកម្មាធិការទទួលបន្ទុកស្រាវជ្រាវរករណ្តៅសាកសព ក្រោមការត្រួតពិនិត្យរបស់ការិយាល័យរដ្ឋអាជ្ញាសាធារណៈ នៅថ្ងៃនេះបានរកឃើញសាកសពចំនួន ១១នាក់បន្ថែម ដែលមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ នៅក្នុងរណ្តៅដ៏ធំមួយនៅទីក្រុងតាហ៊ូណា (Tarhuna)»

សេចក្តីថ្លែងការណ៍ដដែលខាងលើនេះ បានអះអាងបន្ថែមទៀតថា «គណៈកម្មាធិការនឹងបន្តការស្វែងរកបន្ថែមទៀត រហូតទាល់តែទីតាំងរណ្តៅកប់សាកសពទាំងអស់ នៅជុំវិញតំបន់នោះត្រូវបានតំណត់ ទើបបេសកកម្មបិទបញ្ចប់»

គួរជម្រាបថា មុនពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ទីក្រុងតាហ៊ូណា (Tarhuna) គឺជាមជ្ឈមណ្ឌលប្រតិបត្តិការយោធា ដ៏សំខាន់សម្រាប់កងទ័ពលោកឧត្តមសេនីយ ខាលីហ្វា ហាហ្វតា (khalifa Haftar) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែងហ្គាស៊ី (Benghazi) ភាគខាងកើតប្រទេស ឬលីប៊ីខាងកើត៕