(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានទុកពេលឱ្យចិន ៧២ម៉ោង ដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង ហូស្តុន (Houston) នៃរដ្ឋតិចសាស់ ខណៈប្រធានាធិបតីអាមេរិកបង្ហើបថា ស្ថានកុងស៊ុលចិនដទៃទៀត ក៏ប្រឈមមុខនឹងការបិទទ្វារផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងការបរទេសអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា ការសម្រេចចិត្តបិទស្ថានស៊ុលចិននៅក្នុងទីក្រុង Houston គឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ទីក្រុងប៉េកាំង។ បន្ថែមពីលើនេះ ក្នុងថ្ងៃដដែលនោះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មានថា ស្ថានស៊ុលចិនជាច្រើនទៀត នៅក្នុងសហរដ្ឋអាមេរិក ក៏កំពុងប្រឈមមុខនឹងការបិទទ្វារផងដែរ បន្ទាប់ពីមន្ត្រី អាមេរិកពីររូបបានអះអាងថា មន្ត្រីចិនក្នុងស្ថានកុងស៊ុលនៃទីក្រុង Houston បានដុតបំផ្លាញចោលឯកសារ។

ក៏ប៉ុន្តែក្រសួងការបរទេសចិន បានទាត់ចោលការចោទប្រកាន់ទាំងឡាយ ហើយចាត់ទុកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺជាការបង្ករឿងមិនធ្លាប់មានពីមុនមក។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពិន (Wang Wenbin) ថែមទាំងព្រមានទៀតផងថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹក ប្រសិនបើអាមេរិកមិនដកការសម្រេចចិត្ត របស់ខ្លួនវិញទេនោះ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយចិន ថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ដចិន កំពុងពិចារណាបិទស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងវូហាន ហើយក៏អាចនឹងបិទ ស្ថានកុងស៊ុលអាមេរិកជាច្រើនទៀត នៅក្នុងទីក្រុងហុងកុង, សៀងហៃ, ឬក៏ខេត្តក្វាងចូវផងដែរ៕