(ប្រេស៊ីឡា)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រេស៊ីលបានកត់ត្រាករណីឆ្លង COVID-19 រហូតដល់ទៅ ៦៧,៨៦០នាក់ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើងដំបូង នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

គិតត្រឹម ២៤ម៉ោងកន្លងទៅអ្នកជំងឺសរុប ១,២៨៤នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ។ ក្រុមអ្នកជំនាញបានអះអាងថា ចំនួនអ្នកឆ្លង COVID-19 នៅប្រេស៊ីលអាចមានច្រើនជាងបច្ចុប្បន្ននេះទៀត ប្រសិនបើការធ្វើតេស្តមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលដែលមានប្រជាជនសរុប ២១២លាននាក់ ពេលនេះមានករណីឆ្លង COVID-19 សរុបជាង ២,២៣០,០០០ករណី ក្នុងនោះស្លាប់ជាង ៨២,៨០០នាក់ និងជាសះស្បើយឡើងវិញជាង ១,៥៣២,០០០នាក់។ ការឆ្លងជំងឺ COVID-19 យ៉ាងគំហុកនៅប្រេស៊ីល ត្រូវបានគេស្តីបន្ទោសទៅលើ ចំណាត់ការមិនគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល ដឹកនាំដោយលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណា (Jair Bolsonaro)៕