(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តនៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិក គឺលោក Larry Householder ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន នៅថ្ងៃអង្គារ (២១ កក្កដា) ពាក់ព័ន្ធរឿងស៉ីសំណូកសូកប៉ាន់ ដែលមានទំហំទឹកប្រាក់៦០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋអាជ្ញារដ្ឋ Ohio លោក David DeVillers បានគូសបញ្ជាក់ថា មនុស្ស៤នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ និងហៅករណី ខាងលើ នេះថា ជាកាស៉ីសំណូកដ៏ធំបំផុតមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ Ohio។ បើយោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌបានឱ្យដឹងថា លោក Householder និងអ្នកដែលជាប់ពាក់ព័ន្ធ៤នាក់ទៀត បានទទួលលុយសំណូករាប់លានដុល្លារពីក្រុមហ៊ុនមួយ ជាថ្នូរនឹងការជួយឲ្យ អនុម័តកញ្ចប់ថវិកាមួយខ្ទង់ពាន់លានដុល្លារ ដើម្បីសង្គ្រោះរោងចក្រថាមពលនុយក្លេអ៊ែរ២កន្លែង របស់ក្រុមហ៊ុននោះ។
ជុំវិញបញ្ហានេះ អភិបាលរដ្ឋ Ohio លោក Mike DeWine ដែលនៅគណបក្សសាធារណរដ្ឋដូចលោក Householder ដែរនោះ បានអំពាវនាវ ឲ្យលោក Householder លាលែងពីតំណែងជាបន្ទាន់ ដោយបានអះអាងថា តំណាងរាស្រ្តរូបនេះមិនសមក្នុងការបន្តដឹកនាំសភារដ្ឋ Ohio តទៀតឡើយ នៅចំពោះមុខសភាពបែបនេះ។
គួរជម្រាបថា យោងទៅតាមជីវប្រវត្តិសង្ខេបផ្លូវការ លោក Householder បានជាប់ឆ្នោតជាសមាជិកសភារដ្ឋ Ohio ជាលើកដំបូងកាលពីឆ្នាំ ១៩៩៦៕