(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-8AMTSh-VN ស៊េរីថ្មីរបស់រុស្ស៊ី បានចាប់ផ្ដើមធ្វើតេស្ដហោះហើរជាលើកដំបូងហើយ ខណៈយោធារុស្ស៊ីជឿជាក់ថា ឧទ្ធម្ភាគចក្រនេះមានសមត្ថភាពខ្ពស់ នៅក្នុងសមរភូមិប្រយុទ្ធ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
លោក អាណាតូលី ស៊ឺដយូកូវ (Anatoliy Serdyukov) ជានាយកផ្នែកឧស្សាហកម្មនៃក្រុមហ៊ុន រ៉ូសធិច (Rostec) បានឱ្យដឹងទៀតថា ការធ្វើតេស្ដហោះហើរតំណាក់កាលទី ១ របស់ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-8AMTSh-VN នឹងត្រូវបញ្ចប់ទំាងស្រុងនៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយក្រោយមកទើបឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទនេះ ពីរគ្រឿងទៀតនឹងត្រូវធ្វើតេស្ដហោះហើរជាបន្ត។
បើតាមលោក Serdyukov ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-8AMTSh-VN មានសមត្ថភាពហោះក្នុងរយៈកម្ពស់ខ្ពស់ និងបំពាក់ទៅដោយអាវុធទំនើបៗ ដែលជួយបង្កើនសមត្ថភាពការពារខ្លួនផង ព្រមទាំងការប្រយុទ្ធផង៕