(វ៉ាស៊ីនតោន)៖ ការិយាល័យពន្ធនាគារអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានជូនដំណឹងឲ្យដឹងថា អ្នកទោសចំនួន ៥១០នាក់ហើយនៅក្នុងពន្ធនាគារមួយនៃរដ្ឋតិចសាស ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
ពន្ធនាគារខាងលើមានឈ្មោះថា មជ្ឍមណ្ឌលវេជ្ជសាស្រ្តសហព័ន្ធ ខាស្វែល (Carswell) ឬហៅកាត់ថា FMC Carswell ស្ថិតនៅទីក្រុង ហ្វតវើស (Fort Worth) នៃរដ្ឋតិចសាស។ ពន្ធនាគារនេះទៀតសោត គឺត្រូវបានប្រើប្រាស់សម្រាប់ដាក់តែអ្នកទោសជាស្ត្រី ដែលមានបញ្ហាសុខភាព និងបញ្ហាផ្លូវចិត្តប៉ុណ្ណោះ ខណៈពេលដែលបច្ចុប្បន្ននេះ មានអ្នកទោសសរុបប្រមាណ ១,៣៥៧នាក់។
គួរបញ្ជាក់ថា គិតចាប់តាំងពីខែមេសាមកម្ល៉េះ អ្នកទោសជាច្រើនបានសម្តែងការព្រួយបារម្ភ ជុំវិញការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវមួយនេះ នៅក្នុងពន្ធនាគាររបស់ពួកគេ ខណៈនៅទីនោះមិនមានឧបករណ៍ការពារ និងអនាម័យគ្រប់គ្រាន់នោះឡើយ៕