(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានដោះលែងអ្នកទោសសរុបចំនួន ២១,៨៥៨នាក់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាលដាល COVID-19 ក្នុងចំណោមអ្នកទោស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងមហាផ្ទៃហ្វីលីពីនបានប្រកាសថា អ្នកទោសសរុប ២១,៨៥៨នាក់ត្រូវបានដោះលែងតាំងពីថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ១៣ ខែកក្កដា ពីមណ្ឌលឃុំឃាំងចំនួន ៤៧០កន្លែងនៅទូទាំងប្រទេស ក្រោមការត្រួតពិនិត្យដោយការិយាល័យពន្ធនាគារ និងគ្រប់គ្រងពិរុទ្ធជនហៅកាត់ថា BJMP។ ក្រសួងបានបន្តទៀតថា អ្នកទោសចំនួន ៥,១០២នាក់ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ រីឯ ៦,៧៥៦នាក់ទៀតត្រូវបានដោះលែង ឱ្យមានសេរីភាពឡើងវិញ ហើយក្នុងចំណោមនោះ ៤០៩នាក់ជាមនុស្សចាស់ជរា ៦២១នាក់ជាអ្នកជំងឺ និង ២៤នាក់ជាស្ត្រីមានផ្ទៃពោះ។
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា BJMP បានកត់ត្រាករណី COVID-19 សកម្មនៅសេសសល់ ១៨០ករណីក្នុងនោះ ១២៦នាក់ជាអ្នកទោស និង ៥៤នាក់ជាបុគ្គលិកពន្ធនាគារ ខណៈដែលអ្នកជំងឺសរុប ៨៩៥នាក់បានជាសះស្បើយឡើងវិញ និង ១១នាក់បានស្លាប់។ បច្ចុប្បន្ននេះ BJMP កំពុងធ្វើតេស្តរក COVID-19 នៅតាមគោលដៅពន្ធនាគារចំនួន ៥១កន្លែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះបន្តទៀត។
គួរបញ្ជាក់ថា តុលាការកំពូលហ្វីលីពីនបានសម្រេចឱ្យ អ្នកទោសដែលមានស្ថានទម្ងន់ទោសជាប់ពន្ធនាគារពី ០៦ខែ ទៅ ២០ឆ្នាំ អាចនៅក្រៅឃុំបានជាបណ្តោះអាសន្ន ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពចង្អៀតនៅក្នុងពន្ធនាគារ ក៏ដូចជាជួយកាត់បន្ថយការឆ្លងវីរុសនេះ។ ការសម្រេចនេះបានផ្តល់ អាទិភាពជូនដល់អ្នកទោស ដែលមានអាយុច្រើន និងកំពុងមានបញ្ហាសុខភាព។ រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនករណីឆ្លង COVID-19 សរុបចំនួនជាង ៧០,៧០០ករណីក្នុងនោះជាង ២៣,២០០នាក់បានជាសះស្បើយ និងជាង ១,៨០០នាក់បានស្លាប់៕