(ឡុងដ៍)៖ ក្រុមតារាវិទូនៃអង្គការ NASA បានអះអាងថា អាចម៍ផ្កាយចំនួនពីរ នឹងហោះមកកាន់ចំណុចមួយកៀកផែនដី នៅក្នុងសប្តាហ៍នេះតែម្តង ហើយមួយក្នុងចំណោមពួកវានោះ មានមុខកាត់ប្រវែង ១៧០ម៉ែត្រ ដែលធំជាងកន្ត្រកវិលដ៏ធំបំផុត (London Eye) នៅក្នុងទីក្រុង ចក្រភពអង់គ្លេស រហូតដល់ ១.៥ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
បើតាមអង្គការ NASA ទោះបីជាអាចម៍ផ្កាយទាំងពីរ ដែលត្រូវបានដាក់ឈ្មោះឲ្យថា 2016 DY30 និង 2020 ME3 ត្រូវបានគេគណនាថា នឹងហោះមកកៀកផែនដីបំផុតក៏ពិតមែន ប៉ុន្តែគម្លាតរបស់វានឹងស្ថិតនៅឆ្ងាយ ជាងគម្លាតរវាងព្រះច័ន្ទ និងផែនដីទៅទៀត ដូច្នេះក្រុមអ្នកតារាវិទូ និងអ្នកវិទ្យាសាស្ត្រអាចធានាទុកជាមុនថា វានឹងមិនអាចបង្កការគំរាមកំហែង អ្វីនោះឡើយចំពោះភពរបស់យើង។
ក្រុមអ្នកវិទ្យាសាស្ត្ររាប់ទសវត្សរ៍មកនេះបានចាត់ទុកថា រាល់វត្ថុអវកាសណាមួយ ដែលគោចរមកកៀកផែនដី នៅក្រោមគម្លាត ៧លានគីឡូម៉ែត្រ នោះនឹងត្រូវចាត់ទុកថា អាចបង្កការគំរាមកំហែងផែនដី។ តើហេតុអ្វីបានជាគេកំណត់ដូច្នេះ? ចម្លើយនោះ គឺព្រោះតែអាចម៍ផ្កាយ តែងតែមានចលនាមិនទៀងទាត់ ហើយប្រសិនបើក្រុមអ្នកវិទ្យាសាស្ត្រអាច អង្កេតឃើញអាចម៍ផ្កាយណាមួយទាន់ពេល នោះពួកគេនឹងធ្វើការសិក្សា ដើម្បីរកទប់ស្កាត់ក្តីអន្តរាយ តាមលទ្ធភាពដែលអាចធ្វើទៅរួច។
គួរបញ្ជាក់ថា អាចម៍ផ្កាយទាំងគូខាងលើគឺ 2016 DY30 និង 2020 ME3 នឹងគោចរមកក្នុងគម្លាតកៀកបំផុត ៥លានគីឡូម៉ែត្រពីភពផែនដី នៅថ្ងៃទី២៤ ខែកក្កដា។ ដោយឡែកព្រឹត្តិការណ៍លើមេឃមួយទៀត ក៏កំពុងបង្កការភ្ញាក់ផ្អើលផងដែរ នោះគឺផ្កាយដុះកន្ទុយ នីអូវ៉ាយស៍ (NEOWISE) ដែលបាននិងកំពុងបង្ហាញខ្លួន លើផ្ទៃមេឃអឌ្ឍគោលខាងជើង នៃភពផែនដី ហើយវានឹងបន្តរហូតដល់ដើមខែសីហា ឆ្នាំ២០២០ ទើបយើងលែងឃើញវាដោយភ្នែកទទេទៀត៕