(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាពួកគេនឹងបង្កើនការធ្វើតេស្ដរក COVID-19 ខណៈលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានត្រង់ៗថានឹងចាប់ខ្លួនអ្នកទាំងឡាយណា ដែលមិនពាក់ម៉ាស, ចម្លងជំងឺដល់គេឯង និងបំពានលើវិធានការទប់ស្កាត់នានា ដាក់ចេញឱ្យ អនុវត្តដោយរដ្ឋាភិបាលរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
ការប្រកាសពីការបង្កើនការធ្វើតេស្ដរបស់អាជ្ញាធរហ្វីលីពីន កើតមានឡើងចំពេលករណីឆ្លង និងស្លាប់ដោយសារ COVID-19 កើនឡើងជាថ្មី ចាប់តាំងពី វិធានការបិទទ្វារ ឬ «lockdown» ត្រូវបានបន្ធូរបន្ថយកាលពីខែមិថុនាមក។ បើតាមរដ្ឋមន្ត្រីសុខាភិបាលហ្វីលីពីន លោក Francisco Duque រដ្ឋាភិបាល ហ្វីលីពីន មានគោលដៅធ្វើតេស្ដលើប្រជាជនពី ៣២,០០០នាក់ ដល់៤០,០០០នាក់ ក្នុងមួយថ្ងៃ បើធៀបទៅនឹងការធ្វើតេស្ដបច្ចុប្បន្នមានពី ២០,០០០នាក់ ដល់២៣,០០០នាក់។ លោក Duque បន្ថែមទៀតថា ប្រជាជនហ្វីលីពីន ជិត១.១លាននាក់ បានទទួលការធ្វើតេស្ដ ប៉ុន្តែរដ្ឋាភិបាលមានបំណងធ្វើតេស្ដរក COVID-19 លើប្រជាជនឱ្យបាន១០លាននាក់ នៅត្រឹមត្រីមាសទី២ នៅឆ្នាំ២០២១ខាងមុខ។
នៅថ្ងៃអង្គារនេះដែរ លោក ឌូតឺតេ ក៏បានព្រមានត្រង់ៗដែរថា នឹងចាប់ខ្លួនអ្នកទាំងឡាយណាដែលមិនពាក់ម៉ាស, ចម្លងជំងឺដល់គេឯង និងបំពានលើវិធានការ ទប់ស្កាត់នានា ដាក់ចេញឱ្យអនុវត្តដោយរដ្ឋាភិបាលរបស់លោក។ លោក ឌូតឺតេ បានគូសបញ្ជាក់ក្នុងសុន្ទរកថាមួយដូច្នេះថា៖ « ការចម្លង COVID-19 គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ...ដូច្នេះបើអ្នកមិនពាក់ម៉ាសនៅតាមទីសាធារណៈ ឬបំពានលើវិធានការរបស់រដ្ឋាភិបាល នោះអ្នកនឹងត្រូវគេនាំខ្លួនទៅកាន់ប៉ុស្ដន៍ប៉ូលិស និងឃុំខ្លួននៅទីនោះតែម្ដង ទុកជាមេរៀនសម្រាប់អ្នក»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ហ្វីលីពីន ដែលជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើន លំដាប់ទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមពីក្រោយឥណ្ឌូណេស៊ី មានអ្នកឆ្លងជំងឺរាតត្បាតសកលនេះ ៦៨,៨៩៨នាក់ ក្នុងនោះស្លាប់ ១,៨៣៥នាក់ និងជាសះស្បើយឡើងវិញ ២៣,០៧២នាក់៕