(ញូដេលី)៖ ចំនួនអ្នកស្លាប់ដោយសារតែគ្រោះទឹកជំនន់ នៅរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌា បានកើនឡើងដល់ ១១១នាក់ហើយ ខណៈដែលស្ថានការណ៍បច្ចុប្បន្ននៅតែមានសភាពធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
តាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋអាសាម ហៅកាត់ថា ASDMA បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាជនប្រហែលជា ២.៥លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់។ មន្ត្រីរបស់ ASDMA បានបញ្ជាក់ថា មនុស្ស ៨៥នាក់បានបាត់បង់ជីវិtដោយសារលង់ទឹក និង២៦នាក់ទៀតស្លាប់ដោយសារការរអិលបាក់ដី កំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
ប្រជាជនឥណ្ឌាជាច្រើននាក់ត្រូវបានជម្លៀស ទៅកាន់ទីជម្រកបណ្តោះអាសន្ន ដែលបានរៀបចំឡើងនៅទូទាំងរដ្ឋ។ ដោយឡែកមនុស្ស ចំនួន២៩១នាក់ ត្រូវបានជួយសង្គ្រោះគិតចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទសប្តាហ៍នេះ ក្រោមកិច្ចសហប្រតិបត្តិការ រួមគ្នារវាងក្រុមសង្គ្រោះ និង អាជ្ញាធរនៅក្នុងមូលដ្ឋាន។
គួរជម្រាបថា លោក Sarbananda Sonowal ប្រមុខរដ្ឋាភិបាលនៃ Assam ក៏បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយផ្ទាល់ ក្នុងរដ្ឋផងដែរ កាលពីថ្ងៃចន្ទម្សិលមិញ និងបានបង្គាប់មន្ត្រីមូលដ្ឋានឱ្យប្រឹងប្រែងផ្តល់ការជួយទំនុកបម្រុងផ្សេងៗ ដល់ជនរងគ្រោះឲ្យបានគ្រប់គ្រាន់៕