(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានរកឃើញ COVID-19 ថ្មីៗចំនួន ១១ករណីបន្ថែមកាលពីថ្ងៃចន្ទម្សិលមិញ ខណៈទីក្រុងប៉េកាំង បន្តមិនមានករណីឆ្លង ១៥ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
បើតាមគណៈកម្មការជាតិសុខាភិបាលចិន ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើ មាន៨ករណី គឺជាករណីឆ្លងក្នុងស្រុក ដែលត្រូវបានរាយការណ៍នៅតំបន់ស៊ីនជាំង។ ចំណែកឯ ៣ករណីផ្សេងទៀត ជាករណីនាំចូលពីបរទេស ហើយក្នុងករណីឆ្លងថ្មីទាំងអស់ទៀតសោត មានអ្នកជំងឺ ៦នាក់មិនមានរោគសញ្ញានោះទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសចិន មានករណីឆ្លង COVID-19 សរុបកើនដល់ ៨៣,៦៩៣ករណី ក្នុងនោះ ៤,៦៣៤ នាក់បានស្លាប់៕