(គែរ)៖ សភាអេហ្ស៊ីប បានអនុម័តជាឯកច្ឆ័នហើយ លើផែនការបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ី បន្ទាប់ពីលោកប្រធានាធិបតី Abdel-Fattah el-Sissi បានគំរាមធ្វើ អន្តរាគមន៍យោធាប្រឆាំងនឹងកងកម្លាំងគាំទ្រដោយរដ្ឋាភិបាលតួកគី នៅក្នុងប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សភាអេហ្ស៊ីបបានគូសបញ្ជាក់ដូច្នេះថា៖ «សភាបានអនុម័តជាឯកច្ឆ័នលើ ការបញ្ជូន និងដាក់ពង្រាយកងទ័ពទៅក្រៅប្រទេស ដើម្បី ការពារសន្តិសុខជាតិអេហ្ស៊ីប...ប្រឆាំងនឹងក្រុមឧក្រិដ្ឋកជន និងពួកគេភេរវករបរទេស»។ ប៉ុន្តែ ការសម្រេចចិត្តរបស់អេហ្ស៊ីប ក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ី ដែលធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិងកំពុងបង្កជាការព្រួយបារម្ភកាន់តែខ្លាំង ពីហានិភ័យនៃការផ្ទុះជម្លោះប្រដាប់អាវុធដោយផ្ទាល់ជាមួយតួកគី។
លោកប្រធានាធិបតីអេហ្ស៊ីប el-Sissi ធ្លាប់បានលើកឡើងថាទីក្រុង Sirte គឺជាបន្ទាត់ក្រហមមួយ ហើយលោកថែមទាំងព្រមានដែរថារាល់ការវាយប្រហារណាមួយលើ ទីក្រុងមួយនេះ ជាពិសេសនៅក្បែរតំបន់ផលិតប្រេង អាចនឹងជំរុញឱ្យអេហ្ស៊ីបធ្វើអន្តរាគមន៍យោធា ក្នុងបុព្វហេតុការពារព្រំដែនភាគខាងលិចរបស់អេហ្ស៊ីប។ ការព្រមាន បែបនេះរបស់លោក el-Sissi កើតមានឡើង ក្រោយកងកម្លាំងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី គាំទ្រដោយតួកគី និង UN បានប្រកាសប្ដេជ្ញាចិត្តវាយដណ្ដើមទីក្រុង Sirte ពីកងកម្លាំងរដ្ឋាភិបាលលីប៊ីភាគខាងកើត គាំទ្រដោយរុស្ស៊ី, អេហ្ស៊ីប និងបណ្ដាប្រទេសអារ៉ាប់មួយចំនួន។
គួរបញ្ជាក់ថា មុនការអនុម័តលើការបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក el-Sissi បានពិភាក្សាគ្នាតាមទូរស័ព្ទ ដោយមេដឹកនាំទាំងពីរ បានឯកភាពគ្នាលើការរក្សាបទឈប់បាញ់ និងបញ្ជៀសរាល់ជម្លោះយោធាទាំងឡាយនៅក្នុងប្រទេសលីប៊ី៕