(ប្រេស៊ីល)៖ រដ្ឋមន្ត្រីប្រេស៊ីលពីររូបទៀត បាននិយាយដោយផ្ទាល់ថា ខ្លួនបានធ្វើតេស្តវិជ្ជមាន COVID-19 ខណៈប្រទេសដែលមានករណីឆ្លងច្រើនលំដាប់ទី២ នៅ លើពិភពលោកមួយនេះ កំពុងតែប្រយុទ្ធប្រឆាំងដើម្បី គ្រប់គ្រងការរីករាលដាលបន្តនៃវីរុសនេះ សូម្បីតែក្នុងចំណោមឥស្សរជននយោបាយក៏ដោយ។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
លោក Onyx Lorenzoni រដ្ឋមន្ត្រីទទួលបន្ទុកផ្ដល់សញ្ជាតិ និងលោក Milton Ribeiro ជារដ្ឋមន្ត្រីក្រសួងអប់រំ ដែលទើបតែងតាំងថ្មីបានបង្ហោះសារនៅលើបណ្តាញសង្គម ពីរោគវិនិច្ឆ័យរបស់ពួកគាត់ និងកំពុងតែដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេ។
គួរជម្រាបដែរថា លោក Bolsonaro ប្រធានាធិបតីប្រេស៊ីល ក៏កំពុងតែធ្វើចត្តាឡីស័កផងដែរ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមាន COVID-19។ លោក កំពុងតែទទួល ការព្យាបាលតាមរយៈការលេបថ្នាំ hydroxychloroquine ទោះបីជាមិនមានភស្តុតាងរឹងមាំណាមួយដែលអាចបញ្ជាក់ថាថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាល COVID-19 ក៏ដោយ។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសប្រេស៊ីលមានករណីឆ្លង COVID-19 សរុបច្រើនជាង ២.១លានករណី ក្នុងនោះ មនុស្សជាង ៨០,០០០នាក់ បានស្លាប់៕