(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបញ្ជូនមន្ត្រីអនុវត្តច្បាប់សហព័ន្ធបន្ថែមទៅកាន់ទីក្រុងធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងបាតុកម្មតវ៉ា និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
មកទល់នឹងពេលនេះ បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ ក្រោយស្លាប់របស់បុរស George Floyd នៅតែបន្តកើតមានដដែល ជាពិសេសនៅក្នុង ទីក្រុង Portland នៃរដ្ឋ Oregon បើទោះជាសហរដ្ឋអាមរិកកំពុងប្រឈមមុខនឹងរលកទី២នៃ COVID-19 ហើយក្រុមមន្ត្រីនៅក្នុងតំបន់ អះអាងថាក្រុមមន្ត្រី អនុវត្តច្បាប់មួយចំនួនកំពុងធ្វើឱ្យស្ថានការណ៍បាតុកម្មតវ៉ា កាន់តែមានសភាពអាក្រក់ឡើងក៏ដោយ។
នៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងនឹងបញ្ជូន ក្រុមមន្ត្រីអនុវត្តច្បាប់សហព័ន្ធបន្ថែមទៅកាន់ទីក្រុងធំៗមួយចំនួន។ យើងមិនអាចបន្តឱ្យបាតុកម្មតវ៉ាដ៏ហិង្សាកើតមានឡើងនៅតាមទីក្រុងទាំងនេះតទៀត នោះទេ»។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានកោតសរសើរផងដែរ ដល់ក្រុមមន្ត្រីអនុវត្តច្បាប់ដែលលោកបញ្ជូនទៅកាន់ទីក្រុង Portland ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងគ្រប់គ្រងបាតុកម្មតវ៉ា ថាពួកគេបានធ្វើការងារមួយដ៏អស្ចារ្យ។ ប៉ុន្តែ ក្រុមមន្ត្រីក្នុងតំបន់ បានអំពាវនាវឱ្យលោក ត្រាំ ដកក្រុមមន្ត្រីទាំងនេះ ចេញពីទីក្រុង Portland ដោយថែមទាំងចោទរូបលោកដែរថាកំពុងបង្កឱ្យមានស្ថានភាពតានតឹង ជាប្រយោជន៍នយោបាយ មុននឹងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២០ ចូលមកដល់។
គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ កងកម្លាំង និងក្រុមមន្ត្រីអនុវត្តច្បាប់សហព័ន្ធ អាចនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងធំៗដូចជា New York City, Chicago, Philadelphia, Detroit, Baltimore និងទីក្រុង Oakland៕