(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្ដេញមន្ត្រីជាច្រើននាក់ ដែលទទួលបន្ទុកគម្រោងសាងសង់មន្ទីរពេទ្យមួយ ចេញពីតំណែង បន្ទាប់ពី ទទួលបានរបាយការណ៍ថាអ្នកទាំងនេះ បានជំរិតទារប្រាក់ និងបង្ខំឱ្យប្រជាជនចូលរួមវិភាគទានក្នុងគម្រោងសាងសង់នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានបណ្ដេញមន្ត្រីគ្រ ប់គ្រងគម្រោងសាងសង់មន្ទីរពេទ្យ Pyongyang General Hospital ជាច្រើននាក់ចេញពីតំណែង ដោយសារតែអ្នកទាំងនេះមិនអាចគ្រប់គ្រង និងប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ ហើយមិនប៉ុណ្ណោះ ពួកគេថែមទាំងជំរិត ទារប្រាក់ពីប្រជាជនទៀតផង។ KCNA បានគូសបញ្ជាក់ដូច្នេះថា៖ «គាត់ (លោក គីម ជុងអ៊ុន) ពិតជាខឹងសម្បារយ៉ាងខ្លាំង ចំពោះក្រុមមន្ត្រីទាំងនោះ ដែលបាន ជំរិតទារប្រាក់ និងបង្ខំឱ្យប្រជាជនចូលរួមវិភាគទានក្នុងគម្រោងសាងសង់មន្ទីរពេទ្យ ហើយនេះគឺជាទង្វើផ្ទុយទាំងស្រុងនឹងគោលការណ៍របស់គណបក្ស»។
គួរជម្រាបថា លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក សាងសង់មន្ទីរពេទ្យ Pyongyang General Hospital ឱ្យបានមុនខួបលើកទី៧៥ នៃការបង្កើត គណបក្សពលករកូរ៉េខាងជើង នៅខែតុលាខាងមុខនេះ និងចាត់ទុកថាគម្រោងនេះគឺជាការចូលរួមលើកកម្ពស់កែលម្អវិស័យសុខាភិបាលសាធារណៈ ប្រឈមមុខនឹង ការឆ្លង COVID-19 បើទោះជាកូរ៉េខាងជើង មិនបានរាយការណ៍ករណីឆ្លង សូម្បីតែមួយករណីក៏ដោយ៕