(ម៉ុមបៃ)៖ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ១៤នាក់ហើយ នៅក្នុងបទល្មើសលួចលក់ថ្នាំប្រភេទ រ៉េមដឺស៊ីវា (Remdesivir) របស់ក្រុមហ៊ុនជីលីដ (Gilead) នៅក្នុងប្រទេសឥណ្ឌាផ្ទាល់ ក្នុងតម្លៃរហូតដល់ទៅ ៥ដង លើសពីតម្លៃទីផ្សារ ខណៈដែលតម្រូវការថ្នាំប្រភេទនេះ កំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។
ក្រុមហ៊ុន Gilead Sciences នៅក្នុងប្រទេសឥណ្ឌា បានផ្តល់អាជ្ញាប័ណ្ណដល់រោងចក្រផលិតថ្នាំចំនួន ០៥ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដើម្បីផលិតថ្នាំ Remdesivir ប៉ុន្តែពួកគេអាចផលិត នៅក្នុងចំនួនដែលត្រូវបានកំណត់ឲ្យប៉ុណ្ណោះ បើទោះបីជាតម្រូវការកំពុងកើនឡើងយ៉ាងគំហុក ដោយសារតែករណីឆ្លង COVID-19 នៅទូទាំងឥណ្ឌាកើនឡើងរាប់ម៉ឺននាក់ ក្នុងមួយថ្ងៃៗក៏ដោយ។
គួរបញ្ជាក់ថា គិតត្រឹមរបាយការណ៍ថ្ងៃចន្ទនេះ ឥណ្ឌាមានករណីឆ្លង COVID-19 រហូតដល ១.១១លានករណី ក្នុងនោះស្លាប់ជាង ២៧,០០០នាក់ និងជាសះស្បើយវិញជាង ៧០០,០០០នាក់។ ដោយឡែកសម្រាប់ទង្វើខ្មៅងងឹត ក្នុងការលក់ថ្នាំ Remdesivir វិញត្រូវបានប៉ូលិសទីក្រុងម៉ុមអះអាងថា ក្រុមជនសង្ស័យបានលក់ថ្នាំនេះក្នុងមួយដូស (dose) រហូតដល់ទៅ ៣០,០០០រូពី (៤០០ដុល្លារអាមេរិកឯណោះ) ខណៈតម្លៃខ្ពស់បំផុត គឺទាបជាងនេះ ៥ដង៕